ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ២,៥៩២នាក់ និងអ្នកឆ្លងសរុបនៅ ទូទាំងប្រទេសមានចំនួនសរុប ៧៧,១៥០ ករណី។ នេះបើទីភ្នាក់ងារចិនស៊ីនហួរ ។
បើតាមគណៈកម្មការសុខាភិបាលចិន ករណីឆ្លងថ្មីនៃ COVID-19 ចំនួន ៤០៩ករណី ត្រូវបានរកឃើញ និងមនុស្ស ១៥០នាក់បន្ថែមទៀតបានស្លាប់ កាលពីពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខណៈក្នុងចំណោមអ្នកស្លាប់ទាំងអស់មាន ១៤៩នាក់នៅក្នុងខេត្តហ៊ូប៉ី (Hubei) និងម្នាក់នៅខេត្តហៃណាន (Hainan) ហើយករណីសង្ស័យថ្មីៗ ៦២០ករណីទៀត ក៏កំពុងស្ថិតក្នុងការធ្វើតេស្ត។
ដោយឡែកគណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលរបស់ប្រទេសចិន) បានឲ្យដឹងថា ពេញមួយថ្ងៃអាទិត្យម្សិលមិញ មានមនុស្សចំនួន ១,៨៤៦នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយឡើងវិញ ដែលចំនួននេះគឺច្រើនជាងឆ្ងាយ បើយើងធៀបនឹងតួលេខនៃអ្នកឆ្លងថ្មីក្នុងថ្ងៃអាទិត្យដដែល។ គិតត្រឹមថ្ងៃអាទិត្យ អ្នកជំងឺ COVID-19 សរុប ២៤,៧៣៤នាក់បានត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកនេះ តួលេខប្រចាំថ្ងៃនៃអ្នកជំងឺ COVID-19 ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញក្នុងប្រទេសចិន នៅតែបន្តខ្ពស់ជាងតួលេខប្រចាំថ្ងៃនៃអ្នកឆ្លងថ្មីនោះគឺអ្នកឆ្លងថ្មីមានសរុប ៤០៩នាក់នៅរយៈពេលពេញមួយថ្ងៃអាទិត្យ ខណៈអ្នកបានជាសះស្បើយវិញគឺ ១,៨៤៦នាក់៕