រដ្ឋាភិបាលដាក់វិធានការជាកញ្ចប់ជួយវិស័យទេសចរណ៍ដែលរងគ្រោះដោយសារវីរុសកូរ៉ូណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញវិធានការជាកញ្ចប់រយៈពេលខ្លី និងបន្ទាន់ ដើម្បីជួយវិស័យទេសចរណ៏ ដែលកំពុងរងផលប៉ះពាល់យ៉ាងស្រួចស្រាវនៅខេត្តសៀមរាប ដោយសារវិបត្តិនៃវីរុស COVID-19។

វិធានការមុតស្រួចជាកញ្ចប់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញដើម្បីជួយគាំទ្រវិស័យទេសចរណ៏ គឺការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និង ផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០។ ប៉ុន្តែអាជីវកម្មសណ្ឋាគារ និង ផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀង-រាល់ខែក្នុងរយៈពេលលើកលែងពន្ធនេះ។ រាជរដ្ឋាភិបាល មិនធ្វើសវនកម្មពេញលេញ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យ សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្ម-ភាពអាជីវកម្មក្នុងខេត្តសៀមរាប។ រាជរដ្ឋាភិបាល សម្រេចរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃអាចចូលមើលបាន២ ថ្ងៃសំបុត្រសម្រាប់៣ថ្ងៃ អាចចូលមើលបាន៥ថ្ងៃ និងសំបុត្រសម្រាប់៧ថ្ងៃ អាចចូលមើលបាន ១០ ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យ ស្នាក់នៅបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជិបន្តថា ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជនស្ថានទូត អង្គការមិន-មែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។ ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ, ផ្ទះសំណាក់, និង ភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬ ការបង្កើនចំណេះដឹងបន្ថែម (Upskilling) និង ការផ្តល់នូវប្រាក់ខែសមរម្យ ។

បើតាមសម្តេចតេជោ ហ៊ុន សែន ទេសចរបរទេសចូលមកកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណជាង ៦០% ជាពិសេសទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០%។ ការធ្លាក់ចុះគំហុកនេះ បានធ្វើឲ្យអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប ទទួលរងនូវផលប៉ះពាល់ជាខ្លាំង។ គោលគំនិតធំៗនៃការដាក់វិធានការជាកញ្ចប់នេះ គឺសំដៅជួយឲ្យសណ្ឋាគារ និង ផ្ទះសំណាក់ អាចបន្តអាជីវកម្មរបស់ខ្លួនបាន រក្សាបាននូវការងារសម្រាប់កម្មករ-និយោជិត និង មានភាពប្រកួតប្រជែងខ្លាំងជាងមុន នៅពេលជំងឺខូវិដ-១៩នេះ កន្លងផុតទៅ។ វិធានការមួយចំនួនទៀត ក៏នឹងជួយអ្នកបំរើក្នុងវិស័យសេវា ដែលបាត់បង់ការងារពីវិស័យទេសចរណ៍ តាមរយៈការរៀបចំនូវការ បណ្តុះបណ្តាល ដើម្បីមានឱកាសចាប់យកជំនាញថ្មី ឬមានលទ្ធភាពទទួលបានការងារល្អប្រសើរជាងមុន៕