សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនអ្នកឆ្លងជំងឺមេរោគ COVID-19 កើនឡើងដល់៨៩៣ករណី ក្នុងនោះអ្នកជំងឺ០៨នាក់បានបាត់បង់ជីវិត បន្ទាប់ពីមនុស្ស៦០នាក់បន្ថែមទៀតត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមេរោគនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់។
នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ៦០នាក់នោះ គឺរហូតដល់ទៅ៤៩នាក់ជាអ្នកដែលរស់នៅទីក្រុង ដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង បណ្តាខេត្តធំៗរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ សុទ្ធតែមានករណីឆ្លងមេរោគ COVID-19 ត្រូវបានរកឃើញ ខណៈក្នុងចំណោមអ្នកឆ្លងថ្មីៗនៅថ្ងៃអង្គារនេះ ក៏មាន ០២នាក់ស្ថិតនៅក្នុងទីក្រុងសេអ៊ូលផងដែរ។
ក្រៅពីនេះទីក្រុងប៊ូសានក៏ទើបរកឃើញអ្នកឆ្លងថ្មីៗ ០៣ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ ខណៈខេត្តគ្យុងជី (Gyeonggi) វិញមានរហូតដល់ ០៥ករណីថ្មីៗ។ ចាប់តាំងពីការបង្កើន កម្រិតប្រកាសអាសន្នរហូតដល់ពណ៌ក្រហម (ខ្ពស់បំផុត) អាជ្ញាធរសុខាភិបាលទូទាំងប្រទេសកូរ៉េខាងត្បូង ជាពិសេសទីក្រុង ដេគូ (Daegu) និងតំបន់ឆុងទូ (Cheongdo) ដែលស្ថិតនៅក្បែរខាង បានបង្កើនយុទ្ធនាការទប់ស្កាត់ការរាតត្បាតកាន់តែខ្លាំង៕