អាជ្ញាធរចិន ៖ អ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនដល់ ២៧,៣២៣នាក់
ប៉េកាំង ៖ ចំនួននៃអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងត្រឡប់ទៅផ្ទះវិញកើនឡើងដល់ ២៧,៣២៣នាក់ហើយ។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន ដែលដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺចំនួន ២,៥៨៩នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះអ្នកជំងឺសរុប ៧១នាក់ ក៏បានបាត់បង់ជីវិតនាថ្ងៃដដែលនោះផងដែរ នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។
សូមជម្រាបថា បើគិតតាមតួលេខសរុបដែលត្រូវបានបញ្ចេញនៅព្រឹកថ្ងៃអង្គារនេះ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ២,៦៦៣នាក់ ខណៈតួលេខសរុប នៃអ្នកដែលបានឆ្លងជំងឺនេះវិញមានរហូតដល់ ៧៧,៦៥៨ករណីហើយ៕