ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាសាធារណៈថា នឹងមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពការងារ និងកែប្រែភាពអសកម្មមួយចំនួននៅក្នុងរដ្ឋាភិបាល នៅបន្ទាប់ពីបានពិនិត្យឃើញថា ការអនុវត្តកន្លងមករបស់ក្រសួងខ្លះ មានភាពស្ពឹកស្រពន់។
សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសបបែននេះនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាពកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ម្សិលមិញ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ៖ «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្ត្រីក្នុងពេលខាងមុខមិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍។ ឆ្លៀតពេលនោះយើងត្រូវមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រី ហើយរដ្ឋមន្ត្រីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដដែលទេ ក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល …ការកែសម្រួលវាជារឿងធម្មតាទេ នៅប្រទេសខ្លះមានការដូររហ័ស តែយើងក៏នៅទុកពេលដើម្បីឲ្យធ្វើការ»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ បានថ្លែងថា៖ «… ប៉ុន្តែក៏ការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់រំលាយចោលរដ្ឋាភិបាលនោះដែរ។ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបនឹងការចង់បានរបស់យើង ដែលវាគួរតែលឿនជាង ក៏ប៉ុន្តែបែរជាត្រូវបាន ១០០ភាគរយ តែបានតែ ៧០ភាគរយ ដែលត្រូវតែកែដែរ»។
គួរជម្រាបថា បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា គណៈរដ្ឋមន្ត្រីត្រូវមានសមាសភាព នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ៕
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី