សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនអ្នកឆ្លងជំងឺមេរោគ COVID-19 កើនឡើងដល់១,១៤៦ ករណី ក្នុងនោះអ្នកជំងឺ១១នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
ការកើនឡើងនេះបន្ទាប់ពីអាជ្ញាធរបានប្រកាសចេញនូវអ្នកធ្វើតេស្តរកឃើញលទ្ធផល «វិជ្ជមាន» នៃមេរោគ COVID-19 ចំនួន១៦៩នាក់បន្ថែមទៀត នៅព្រឹកថ្ងៃពុធនេះ។ បច្ចុប្បន្នទីតាំងដែលរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) និងស្រុកឆុងទូ (Cheongdu) ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជិត ៨០%ឯណោះ។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏កំពុងតែកសាងមណ្ឌលពិនិត្យ និងព្យាបាលអ្នកជំងឺឆ្លង COVID-19 បន្ថែមទៀតនៅក្នុងទីក្រុង Daegu ផងដែរ ខណៈការប្រកាសអាសន្នគឺស្ថិតក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត។
ទីក្រុង Daegu គឺជាទីក្រុងធំបំផុតលំដាប់លេខ៤ នៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅសរុបជាង ២.៥លាននាក់។ ក្នុងចំណោមករណីឆ្លងទាំងអស់ គឺមានជាង ៨០០ករណីស្ថិតនៅក្នុងទីក្រុងភាគអាគ្នេយ៍ប្រទេសមួយនេះ។
បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ជាងពាក់កណ្តាលនៃករណីឆ្លងវីរុសកូរ៉ណា ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមអ្នកកាន់សាសនាគ្រឹស្តមួយ ហើយក្រុមអ្នករិះគន់បាននិយាយថា ភាពសំងាត់របស់ក្រុមនេះ បានធ្វើឲ្យគេមិនអាចការពារពីវីរុសខាងលើបាន។
ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji ទំនងជាអ្នកបង្កឲ្យផ្ទុះឡើង នូវការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេស។ សមាជិករបស់ពួកគេ ដែលនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ទំនងជាចម្លងវីរុសនេះពីម្នាក់ទៅម្នាក់ ហើយក៏បន្តរីកសាយភាយពាសពេញប្រទេសតែម្តង។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ជឿជាក់ថា សមាជិកវ័យ ៦១ឆ្នាំម្នាក់នៃក្រុមអ្នកកាន់សាសនាគ្រឹស្តខាងលើ ដែលបានធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណាកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមអ្នកដំបូងគេបង្អស់ដែលឆ្លងវីរុសនេះ។
សូមជម្រាបថា ស្រ្តីជាអ្នកជំងឺខាងលើ បានបដិសេធមិនព្រមឲ្យគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឡើយ ហើយបានចូលរួមជួបជុំគ្នានៅក្នុងវិហារគ្រឹស្តជាច្រើន មុនពេលធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណា៕