បាងកក ៖ មន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយថាមានករណីឆ្លងវីរុសកូរ៉ូណា COVID-19 ចំនួន៣ករណីបន្ថែមទៀតនៅថ្ងៃពុធ (២៦កុម្ភៈ) ដែលធ្វើឲ្យតួលេខ សរុបនៅទូទាំងប្រទេសថៃកើនដល់៤០ ករណី។ នេះបើយោងតាមប្រភពពី CNA។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលលោក Sukhum Kanchanapimai បាននិយាយថាអ្នកឆ្លងថ្មីចំនួន ២នាក់ជាជនជាតិថៃ ដែលបានត្រឡប់ពីការដើមកម្សាន្តនៅកោះ Hokkaido របស់ជប៉ុន ហើយពួកគេទាំងពីរនាក់បានចម្លងវាទៅកាន់អ្នកទី ២។
ថៃគឺជាប្រទេសដំបូងគេបង្អស់ដែលមានអ្នកឆ្លងវីរុសមរណៈខាងលើ ក្រៅពីប្រទេសចិន នៅថ្ងៃទី ១៣ ខែមករា។ នៅចុងខែមករា ប្រទេសនេះបានក្លាយជាប្រទេសទី ២ ដែលមានអ្នកឆ្លងច្រើនបំផុត បន្ទាប់ពីចិន ប៉ុន្តែករណីឆ្លងថ្មីបានចុះជាបន្តបន្ទាប់។
យ៉ាងណាមិញគ្មាននរណាម្នាក់នៅប្រទេសថៃបានស្លាប់ដោយសារវីរុសនេះទេ។ កាលពីថ្ងៃច័ន្ទអាជ្ញាធរថៃបានចាត់ទុកវីរុសកូរ៉ូណា ជាជំងឺឆ្លងដែលគ្រោះថ្នាក់ និងបានអនុញ្ញាតឲ្យបុគ្គលិកពេទ្យ និងប៉ូលិសធ្វើការដាក់ពលរដ្ឋទាំងឡាយណា ដែលមានរោគសញ្ញា ឬអ្នកដែលទើបត្រឡប់មកពីតំបន់ប្រឈម នៅដាច់ដោយឡែកបាន។
អាជ្ញាធរថៃបានបញ្ជាក់ កាលពីថ្ងៃអង្គារថាអ្នកជំងឺសរុបចំនួន២២ នាក់ត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យនៅប្រទេសថៃនិង១៥ នាក់ទៀតកំពុងត្រូវបានព្យាបាល៕