ភ្នំពេញ ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ហ្គោរ៉ូ យូអាហ្សា (Goro Yuasa) មេបញ្ជាការកងទ័ពជើងគោកជប៉ុនចូលជួបដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងជួយបណ្តុះបណ្តាល កងកម្លាំងមួកខៀវរបស់កម្ពុជាមុនចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព។
លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែត នៅក្រោយជំនួបថា ឯកឧត្តម Goro ចាត់ទុកទស្សនកិច្ចនេះ នឹងចូលរួមចំណែក ក្នុងការបន្តពង្រីកពង្រឹងទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន និងការពង្រឹងទំនាក់ទំនងលើវិស័យផ្សេងៗទៀត រួមទាំងវិស័យការពារជាតិនៃប្រទេសទាំងពីរ។
សម្ដេចតេជោបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី បច្ចុប្បន្ននេះគឺជាទំនាក់ទំនងមួយដែល ជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និង ជប៉ុន។ កម្ពុជាតែងតែគាំទ្រតួនាទីរបស់ជប៉ុន នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសប្រតិបត្តិការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ សម្ដេចចង់ឃើញកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកបន្ថែមទៀតរវាងកងទ័ពនៃប្រទេសទាំងពីរជាពិសេសកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកនៃប្រទេសជប៉ុន ជាពិសេសក្នុងការផ្លាស់ប្ដូរព័ត៌មាន ការចូលរួមកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម ហើយជាពិសេសទៀតក្នុងការចូលរួមបណ្ដុះបណ្ដាល ដោយសម្ដេចចង់ឃើញប្រទេសជប៉ុនចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាជាពិសេសធនធានមនុស្សកងទ័ពកម្ពុជាតែម្ដង។
សម្ដេចតេជោ បានស្នើឲ្យជប៉ុន គាំទ្រកិច្ចសហប្រតិបត្តិការរវាងកងទ័ពមួកខៀវរបស់កម្ពុជា និងកងទ័ពមួកខៀវជប៉ុនដែលប្រទេសយើងទាំងពីរបានធ្វើកិច្ចសហការនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ ទីពីរសម្ដេចក៏បានស្នើសុំឲ្យប្រទេសជប៉ុនចូលរួមបណ្ដុះបណ្ដាលកងកម្លាំងមួកខៀវរបស់កម្ពុជាមុនចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ។ សម្ដេច បានស្នើឲ្យជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន ដែលមជ្ឈមណ្ឌលនេះមានទីតាំងនៅកម្ពុជា និងជាមជ្ឈមណ្ឌលមួយមានការបណ្ដុះបណ្ដាលមានបទពិសោធន៍លើការងារដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សម្ដេចតេជោក៏បានស្នើឲ្យជប៉ុន ចូលរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងប្រទេសកម្ពុជាក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារជប៉ុនមានបទពិសោធន៍ជាច្រើននៅក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយ។
លោកនាយឧត្តមសេនីយ៍ ថានឹងរាយការណ៍ទៅរដ្ឋាភិបាលជប៉ុនពាក់ព័ន្ធនឹងសំណើទាំងនេះជាពិសេសសំណើសុំឲ្យជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាននេះ។ឯកឧត្តមបានគូសបញ្ជាក់ថាកន្លងមកជប៉ុនតែងបានយកចិត្តទុកដាក់និងចាត់ទុកកម្ពុជាជាប្រទេសមានកិច្ចសហប្រតិបត្តិការការងារវិស័យមីននេះ។ លោកក៏បានជម្រាបជូនសម្ដេចដែរថា នឹងពិចារណាធ្វើការងារនេះដោយសហការជាមួយលោក ហ៊ុន ម៉ាណែត ផ្ទាល់តែម្ដង។ រដ្ឋាភិបាលជប៉ុនពិចារណាជួយលើកិច្ចសហប្រតិបត្តិការជាពិសេសការងារកងទ័ពមួកខៀវក្នុងការជួយបណ្ដុះបណ្ដាលនៅក្នុងប្រទេសផងក៏ដូចជានៅក្រៅប្រទេសផង។
ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនេះលោកបានជម្រាបជូនសម្ដេចថាជប៉ុនមានគោលបំណង និងពិចារណាជំរុញកិច្ចសហប្រតិបត្តិការនេះជាមួយកងទ័ពជើងគោកកម្ពុជា។លោកសង្ឃឹមថា ទំនាក់ទំនងប្រទេសទាំងពីរបន្តពង្រីកពង្រឹងលើវិស័យជាច្រើនជាពិសេសលើវិស័យការពារជាតិនេះតែម្ដង៕