ភ្នំពេញ ៖ ការរីករាលដាលវីរុសខូវិដ-១៩ នឹងធ្វើឲ្យខកខានដល់ទិសដៅកំណត់របស់រាជ រដ្ឋាភិបាលក្នុងការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំនេះ ខណៈមកដល់ពេលនេះ ការប្រមូលចំណូលពន្ធ បាននិងកំពុងរងផលប៉ះពាល់គួរឥ្តកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។
សូមជម្រាបថា សម្រាប់ច្បាប់ថវិកាឆ្នាំ២០២០ ដែលត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីចុងខែវិច្ឆិកា រដ្ឋាភិបាលកំណត់ប្រាក់ចំណូល ៥ ២៧២លានដុល្លារជាប្រាក់ចំណូល សារពើពន្ធសម្រាប់ឆ្នាំ២០២០ ក្នុងចំណោមនោះ២ ៩១១លានដុល្លារបាន មកពីគយ និងរដ្ឋាករ និង ២ ៣៦១លានដុល្លារ បានមកពីចំណូលពន្ធដារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ កន្លងទៅនេះ លោក គុណ ញឹម អគ្គ នាយក GDCE បានឲ្យដឹងថា ការប្រមូលចំណូលពន្ធគយ នឹងមានការអាក់ខានមួយចំនួន បន្ទាប់ពីមានផលប៉ះពាល់ដោយសារការរីករាលដាលនៃ វីរុស កូរ៉ូណា។
លោក គុណ ញឹម បានបញ្ជាក់ថា យើងមើលឃើញថា ផលប៉ះពាល់ដោយសារតែ វីរុសខូវិដ-១៩ កាត់ បន្ថយការផ្គត់ផ្គង់វត្ថុធាតុដើម ពិសេសវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលយើងមើលឃើញនៅពេលនេះ។ នេះក៏នឹងប៉ះពាល់ដល់ការរំពឹងទុកនៃប្រាក់ចំណូលរបស់រដ្ឋ។
លោក ថ្លែងបន្តថា ៖ «ទោះយ៉ាងនេះក្តី គេមិនអាចធ្វើការស្មានទុកជាមុន សម្រាប់រយៈពេលវែងប៉ុន្មានដែល វីរុស ខូវិដ-១៩ នេះនឹងស្ថិតក្រោមការគ្រប់គ្រង ឬត្រូវបានដោះស្រាយយ៉ាងណានោះទេ»។
លោកបានបន្តថា ៖ «នៅពេលនេះ គេមើលឃើញថា វាប៉ះពាល់រួចទៅហើយដល់ការប្រមូលប្រាក់ចំណូលរបស់ GDCE កាលពីខែមករា និងខែកុម្ភៈ ប៉ុន្តែ GDCE សង្ឃឹមថា វានឹងស្ទុះងើបឡើងវិញក្នុងរយៈពេលពីរបីខែក្រោយ។
បច្ចុប្បន្ន វីរុសខូវិដ-១៩ កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែលរួមទាំងប្រទេសកម្ពុជា ខណៈប្រទេសចិន ជាសេដ្ឋកិច្ចឈានមុខគេទី ២ របស់ពិភពលោក និងជាប្រទេសមហាអំណាចនៃការផ្គត់ផ្គង់វត្ថុធាតុដើម បច្ចុប្បន្នកំពុងព្យាយាមជម្នះការរីករាលដាលវីរុសនេះ៕