ភ្នំពេញ ៖ ក្រសួងព័ត៌មានតាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើគណនី Facebook ចំនួន៧ ដែលធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃ បំផុសបំផុល និងបំភ័យឱ្យមានការយល់យល់ច្រឡំលើជំងឺ COVID19 នៅកម្ពុជា។
គណនី Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង។
ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គណនី Facebook ទាំងនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
តាមសេចក្តីប្រកាសនេះ ក្រសួងបានស្នើដល់សាធារណជនកុំមានការភាន់ច្រឡំ និងបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនេះ ព្រោះអាចប្រឈមចំពោះមុខច្បាប់។
សូមរំលឹកថា កន្លងទៅក្រសួងព័ត៌មានធ្លាប់បានធ្វើការជាមួយក្រុមហ៊ុន Facebook បិទគណនី Facebook មួយផងដែរ ចំពោះការផ្សាយព័ត៌មានមិនពិតលើករណីជំងឺ COVID19នេះ៕