ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកទៅកាន់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយក្រសួងស្ថាប័ន អាជ្ញាធរដែនដី រៀបចំមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឱ្យបានផុលផុស បំផុសស្មារតីទិវាវប្បធម៌ជាតិ ឱ្យកាន់តែសកម្ម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមានប្រសាសន៍យ៉ាង ដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធី អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ“យុវជនដើម្បីវប្បធម៌ជាតិ“និងពិធីបិទមហោ ស្រព សិល្បៈ យុវជនទូទាំងប្រទេសឆ្នាំទី៦និងការសំណេះសំណាលជាមួយសិល្បករ សិល្បការិនីជិត៤ពាន់នាក់នៅមជ្ឈមណ្ឌល កោះពេជ្រនារសៀលថ្ងៃទី៣មីនានេះ។
ជាមួយនឹងការឧទ្ទិស «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២» ចំពោះ គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ក្នុងនាមរាជរដ្ឋាភិបាលសម្តេច បានផ្តល់ការណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តសហការ ជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា ដើម្បីរៀបចំ «មហោស្រព សិល្បៈយុវជនទូទាំងប្រទេស»និង បំផុសស្មារតី «ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្ម និង ផុសផុលទាំងក្នុង និងក្រៅប្រទេស, បន្តនិងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន។
សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនាជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាល បា នយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វ បុរ សនៃ យើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។
ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និង ទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃ សហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕