ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ៣ មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រារព្ធធ្វើទិវាវប្បធម៌ឲ្យបាន៣៦៥ថ្ងៃក្នុងមួយឆ្នាំ ព្រោះការលើកស្ទួយសិល្បៈ វប្បធម៌ មិនមែនត្រឹមតែថ្ងៃ៣ មីនានោះទេ។ សម្តេចក៏អំពាវនាវឲ្យសិល្បករ សិល្បការនី គួរកាត់បន្ថយការស្លៀកពាក់ស៊ិចស៊ីហួសហេតុនៅពេលសំដែងលើឆាក និងស្នើឲ្យ បញ្ឈប់ការជេរគ្នាតាមហ្វេសប៊ុកផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បានអង្វករដោយទទូចចំពោះសិល្បការិនី សូមកាត់បន្ថយការស្លៀកពាក់បែបស៊ិចស៊ីហួសហេតុ នៅលើកញ្ចក់ទូរទស្សន៏ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ជាតិ។ សម្តេចតេជោ ថែមទាំងស្នើសិល្បករ សិល្បការិនីទាំងអស់ បញ្ឈប់ការជេរ ប្រមាថគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ព្រោះខ្លួនជាអ្នកអប់រំសាធារណៈជន។ សម្តេចតេជោ សង្កត់ធ្ងន់ធ្ងរថា សិល្បករ សិល្បការិនីអ្នកអប់រំ និងជាអ្នកមានឥទ្ធិពលក្នុងសង្គម រាល់ទង្វើ និងការស្លៀកពាក់ ត្រូវ រក្សាឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវឲ្យសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមាន មរតកសាសន៍ និងគ្មានមរតកសាសន៍មកផលិតឡើងវិញដោយពុំបានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិឬពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សម្តេចតេជោបានបង្ហាញនូវការគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មាន តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាព-យន្តភាគខ្មែរនាពេលកន្លងមក។ សម្តេចតេជោ អំពាវនាវ ឲ្យក្រុមហ៊ុនឯកជនចូលរួមឧបត្ថម្ភភាពយន្តខ្មែរ ដើម្បីធ្វើឲ្យភាពយន្តខ្មែរទទួលបានភាពល្បីល្បាញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យសិល្បករ សិល្បការិនី សិស្ស និស្សិត ក្លាយជាសកម្មជនអប់រំគ្រួសារ មិត្តភ័ក្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយធ្វើយ៉ាងណាខិតខំការពារ និងធ្វើអនាម័យ ពិសេសសិល្បករ សិល្បការិនីសូមធ្វើជាសកម្មជនក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងបំពុលរឿងវីរុសថ្មីកូរ៉ូណា។
កាលពីថ្ងៃច័ន្ទសប្តាហ៏នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកចែកចាយនិងបង្ហោះព័ត៌មានក្លែងក្លាយ ថាជាជនទុច្ចរិត និងត្រូវមានវិធានការច្បាប់ ចំពោះនោះ ត្បិតព័ត៌មានក្លែងក្លាយ បានបំភ័យប្រជាពលរដ្ឋឲ្យមានការរើស អើង និងភ័យខ្លាច៕