រដ្ឋាភិបាលម៉ាឡេស៊ីសន្យាផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

ភ្នំពេញ ៖ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានសន្យាថា នឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារមីន និងកាកសំណល់ សង្រ្គាម ដែលជំនួយនេះ នឹងចាប់ផ្តើមចាប់ពីអំឡុងឆ្នាំ២០២០ នេះតទៅ។

លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន ក្រោយពីកិច្ចជំនួបជាមួយលោក ELDEEN HUSAINI MOHD HASHIM កអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នេះ លោក លី ធុច បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងជួយដល់ជនរងគ្រោះកម្ពុ ជាដោយសារមីន ដើម្បីជួយលើកកម្ពស់ការរស់នៅរបស់ពួកគេឲ្យកាន់តែល្អប្រសើបន្ថែម ទៀតនោះ។
លោកបានលើកឡើងថា នៅចុងសប្តាហ៍នេះ ភាគីកម្ពុជា និងភាគីម៉ាឡេស៊ីនឹង បន្តពិភាក្សាគ្នាទៀតថា តើរដ្ឋាភិបាលម៉ាឡេស៊ីត្រូវជួយយ៉ាងម៉េច និងកម្រិតណា ហើយ នឹងតម្រូវឲ្យមានលក្ខណ្ឌអ្វីខ្លះដែលត្រូវនិយាយគ្នា រួមទាំងផ្តល់តាមរយៈណាឲ្យងាយស្រួល ដល់ជនរងគ្រោះនោះ។

យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្រ្តី លី ធុច មិបានបញ្ជាក់ថា ការជួយរបស់ប្រទេសម៉ាឡេស៊ីមានត្រឹមកម្រិតណានោះទេ ខណៈដែលប្រទេសកម្ពុជាមានជនរងគ្រោះច្រើនដែលកើតចេញពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារតែសង្រ្គាមផ្ទៃក្នុងរបស់ ខ្លួនជាច្រើនទសវត្សន៍នោះ៕