កំណាត់ផ្លូវជាតិលេខ៥ពីព្រែកក្តាម ដល់ធ្លារម្អមពោធិ៏សាត់ សម្រេចបាន ១៥ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2020 ក+ ក-

ភ្នំពេញ ៖ ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចៃកា នៅថ្ងៃទី៤ មីនា នេះ បានដឹកនាំអ្នកកាសែតចំរុះស្ថាប័ន មានទាំងវិទ្យុ ទូរទស្សន៏កាសែត និងសារព័ត៌មានអនឡាញ ជិត៣០នាក់ ទស្សនកិច្ចគម្រោងជំនួយអភិវឌ្ឍផ្លូវការ របស់រដ្ឋាភិបាលជប៉ុន នៅតាមកំណាត់ផ្លូវជាតិលេខ៥។ បើតាមមន្ត្រីចៃកាកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ធ្លារម្អមពោធិ៏សាត់ សម្រេចបានជាង២០ភាគរយ។

កំណាត់ផ្លូវផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ដែលជាផ្នែកខាងត្បូងមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ១៥ភាគរយហើយ។ បើតាមន្ត្រីគម្រោងចៃកា ផ្នែកខាងត្បួងនេះកំពុងអនុវត្តការសាងសង់ជាបីកញ្ចប់ ដែលកញ្ចប់សាងសង់ទី១ និងទី ២បានអនុវត្តដោយក្រុមហ៊ុន Sumitomo Mitsui Construction and world kaihatsu kogyo joint venture មានប្រវែង ៤១គីឡូម៉ែត្រ (កញ្ចប់ទី១)និង ៤២គីឡូម៉ែត្រ(កញ្ចប់ទី២) ស្របពេលដែលការសាងសង់ក្នុងកញ្ចប់ទី៣ អនុវត្តដោយក្រុមហ៊ុន Hanshin Engineering and construction មានប្រវែង ៥១គីឡូម៉ែត្រ។ គិតត្រឹមខែមករាឆ្នាំ ២២០២ ការសាងសង់ក្នុងកញ្ចប់ទី១ សម្រេចបាន ១១.៤% កញ្ចប់ទី២ សម្រេចបាន ១៣.៩ភាគរយ និងកញ្ចប់ទី៣ សម្រេចបាន១១.៦%។

កំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវពង្រីកជា ៤គន្លង ដែលមានសួនពុះចែកទ្រូងផ្លូវចំនួន ៣ម៉ែត្រ ជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ និងបរិក្ខារសុវត្ថិភាពជាច្រើនផ្សេងទៀត។ ក្នុងនោះផងដែរការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម ទៅដល់ធ្លារម្អម នឹងត្រូវធ្វើការសាងសង់ផ្លូវវៀងក្រុង ចំនួនពីរកន្លែង ទី១គឺផ្លូវវាងក្រុងនៅផ្សារឧដុង្គ ប្រវែង២៣គីឡូម៉ែត្រ និងផ្លូវវាងក្រុងកំពង់ឆ្នាំងប្រវែង១២ គីឡូម៉ែត្រ។ ជាមួយគ្នានេះ ក៏មានការសាងសង់ស្ពានថ្មីចំនួនពីរជួសជុលពង្រីកស្ពានចាស់ចំនួន១៣ កន្លែងនឹងសាងសង់ជំនួសស្ពានចាស់ ១៨ កន្លែង។

បើតាមមន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឲ្យដឹងថា គម្រោងនេះនឹងបង្កើនសមត្ថភាពដឹកជញ្ជូននិងកែលម្អប្រសិទ្ធភាពភស្តុភាកម្ម នៅកំណាត់ផ្នែកព្រែកក្តាម ដល់ធ្លារម្អម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ព្រំដែនប្រទេសថៃ តាមរយៈការកែលម្អស្ថានភាពផ្លូវ ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាបផងដែរថា កំណាត់ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយដ៏សំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ជាមួយការរីកចំរើន យ៉ាងឆាប់រហ័ស នៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ។ គួរបញ្ជាក់ថា កំណាត់ផ្លូវផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំ ២០២២៕