បាងកក ៖ ក្រសួងការបរទេសថៃ បានឱ្យដឹងថា ការិយាល័យអន្តោប្រវេសន៍កូរ៉េខាងត្បូង បានផ្តល់ព័ត៌មានថា ពលករថៃប្រមាណ ៥ពាន់នាក់ បានដាក់ពាក្យស្នើសុំមកកាន់ប្រទេសកំណើតវិញ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០មក។ នេះបើយោងតាមសារព័ត៌មាន Bangkokpost។
យ៉ាងណាមិញ បើតាមលោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា វិញ ជឿជាក់ថា មានពលករថៃប្រមាណ ១ម៉ឺននាក់ឯណោះដែលចង់មកប្រទេសវិញ ដើម្បីគេចផុតពី COVID-19 ខណៈវីរុសកូរ៉ូណាថ្មីនេះកំពុងរីករាលដាលខ្លាំងនៅកូរ៉េខាងត្បូង។ ជាមួយគ្នានេះ លោកបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីពិភាក្សារកដំណោះស្រាយចំពោះបញ្ហានេះផងដែរ។
លោកប្រាយុទ្ធ ថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាគឺរបៀបគ្រប់គ្រងចំនួនមនុស្សដ៏ច្រើនសម្បើមប្រសិនបើពួកគេទាំងអស់ ត្រូវបានដាក់ឱ្យនៅម្តុំ។ រដ្ឋាភិបាលត្រូវតែស្វែងរកវិធានការដ៏សមស្រប។ ខ្ញុំដឹងថា ប្រជាជនគ្មានទំនុកចិត្ត និងមានភាពភ័យខ្លាច ប៉ុន្តែមន្រ្តីសុខភាពសាធារណៈ និងគ្រូពេទ្យ គឺបានត្រៀមរៀបចំរួចរាល់ហើយ»៕