បន្ទាយមានជ័យ ÷ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់ផ្ទះចំនួន ៦ខ្នងដែលអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដល់អតីតយុទ្ធជន ៦នាក់ដែលកំពុងរស់នៅក្នុងស្រុក-ក្រុងចំនួនបីនៃខេត្តបន្ទាយមានជ័យគឺស្រុក មង្គលបូរី ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។
ថ្លែងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណ និងពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលឈរជើងក្នុងមូលដ្ឋានភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាស្រលាញ់សន្តិភាព ថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសជាតិ ដើម្បីមានឱកាសអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តថា ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋបាននឹងនចិត្តរស់យ៉ាងសុខសាន្ត សុខដុមរមនា ប្រព័ន្ធជំនួយសង្គម ផ្តល់ការគាំពារទៅលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម លើកកម្ពស់ជីវភាពគ្រួសារនិវត្តន៍ជន អតីតយុទ្ធជន។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ សូមបន្តថែរក្សាការពារសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដំណើរអភិវឌ្ឍន៍រីកចម្រើន បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ជាមួយវប្បធម៌ចែករំលែកលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានផ្តល់ផ្ទះ០៦ខ្នងនិងពាំនាំនូវអំណោយ ផ្តល់ជូនដល់ជូនគ្រួសារអតីតយុទ្ធជន មានអង្ករ៥០គីឡូក្រាម មី១កេស មុងមួយ ភួយមួហ កន្ទេលមួយ ប្រេងឆា១ដប ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ អំបិលអ៊ីយ៉ូតមួយគីឡូ សារុងមួយ ចង្ក្រានដី១ ឆ្នាំងដាំបាយ១ ឆ្នាំងសម្រល១ កំសៀវដាំទឹក១ ចានដែក១ ចានបាយ-សម្ល ស្លាបព្រាសម, ពិលសូឡា និងថវិកា២០ម៉ឺនរៀល៕