អ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៥,៧៦៦ករណី ខណៈ៣៥នាក់ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2020 ក+ ក-

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់រាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ៥,៧៦៦ករណី ខណៈអ្នកជំងឺសរុប ៣៥នាក់បានបាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា។

បើតាមរបាយការណ៍ថ្មីរបស់អាជ្ញាធរបញ្ចេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះបង្ហាញសម្រាប់ករណីឆ្លងថ្មីៗដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះគឺមាន៤៣៨ករណីក្នុងនោះ ៣២០ករណីរកឃើញនៅទីក្រុងដេគូ និង ៨៧ករណីនៅខេត្តគ្យុងសាងខាងជើង ដែលតំបន់ទាំងពីរនេះ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។

របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់អត្រាឆ្លង ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ សុទ្ធតែមានប្រភពចេញពី ព្រះវិហារគ្រិស្តសាសនា ស៊ីនជុនជី ដែលមានមូលដ្ឋាននៅទីក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ហើយខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់ ទីក្រុងដែលមានប្រជាជនរស់នៅ ២.៥លាននាក់នោះ ក៏កំពុងរងគ្រោះធ្ងន់ដូចគ្នា ដោយសារតែការឆ្លងមេរោគ COVID-19 បន្តកើនឡើងយ៉ាងគំហុក។

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធរបស់កូរ៉េខាងត្បូង កំពុងតែឈានទៅដល់ការធ្វើតេស្តប្រជាជនទូទៅ នៅក្នុងទីក្រុងដេគូ ដោយសារតែពេលនេះវីរុស COVID-19 បានបង្ហាញសញ្ញារាតត្បាតឥតឈប់ឈរឡើយ៕