ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចម្សិលមិញបានបញ្ជូនសំណុំរឿង អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ លោក នួន ប៉ុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីតុលាការស៊ើបអង្កេត និងចោទប្រកាន់ពីបទរំលោភអំណាច បំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ។
លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ កំពុងបើកស៊ើបសួលើជនត្រូវចោទឈ្មោះ នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលត្រូវចាប់ខ្លួនដោយអង្គភាព (ACU) ក្រោមបទចោទរំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។
សូមសម្រាបថា លោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុត្រូវបានអង្គភាព ACU ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង ខណៈដែលការឃាត់ខ្លួននេះដឹកនាំដោយលោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតរបស់ ACU៕