អ៊ីរ៉ង់ដោះលែងអ្នកទោសជាង៥ម៉ឺននាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19
អ៊ីរ៉ង់ ៖ សារព័ត៌មាន Shanghaiist ចេញផ្សាយថា អ៊ីរ៉ង់បានសម្រេចដោះលែងអ្នកទោស៥ម៉ឺន ៤ពាន់នាក់ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19។
សូមជម្រាបថា អ៊ីរ៉ង់មានអ្នកឆ្លងជំងឺនេះដល់ចំនួន២៩២២នាក់ ក្នុងនោះអ្នកស្លាប់ដល់៩២នាក់ ដែលជាចំនួនស្លាប់ច្រើនបំផុតបន្ទាប់ពីចិន។ មន្រ្តីរដ្ឋាភិបាល និងសមាជិកសភាអ៊ីរ៉ង់ក៏បានឆ្លងជំងឺនេះជាច្រើននាក់ផងដែរ។
ដើម្បីបញ្ឈប់ការីករាលនៃជំងឺនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានជ្រើសរើសការកាត់បន្ថយនូវការរស់នៅជាក្រុមរបស់អ្នកទោស ពោលគឺដោះលែងអ្នកទោសជាបណ្តោះអាសន្នសិន។ ក្នុងនោះទណ្ឌិតម្នាក់ត្រូវអនុញ្ញាតឱ្យចេញក្រៅបានលុះត្រាតែធ្វើតេស្តរកមិនឃើញមានកូរ៉ូណា ហើយបានបង់ប្រាក់ធានា។ យ៉ាងណាមិញ ទណ្ឌិតដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារលើសពី៥ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចេញឡើយ៕