ភ្នំពេញ ៖ កម្មករ-កម្មការិនី ជាង ១,៧ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងរោងចក្រជា ៣០ នឹងត្រូវព្យួរការងារបណ្តោះអាសន្ន ដោយសារចិន ផ្អាកការផលិត និងផ្គត់ផ្គង់វត្ថុធាតុដើម មកឲ្យកម្ពុជា បន្ទាប់ពីមានករណីផ្ទុះឡើងនូវមេរោគ កូរ៉ូណាប្រភេទថ្មី។
លោក អាត់ ធន់ មេសហជីពមួយរូប បានអះអាងថា រោងចក្រទាំងនោះ ពុំបានផ្អាកការងារទាំងស្រុងឡើយ ដោយផ្អាកផ្អែកខ្លះប៉ុណ្ណោះ ហើយរោងចក្រខ្លះ ព្យួររយៈពេលពីរសប្តាហ៍ និងរោងចក្រខ្លះទៀតព្យួររយៈពេល ១ខែ។
សូមជម្រាបថា នាពេលថ្មីនេះ រាជរដ្ឋាភិបាល តម្រូវឲ្យម្ចាស់រោងចក្រ ចេញប្រាក់ ៤០ភាគរយនៃប្រាក់ខែគោល ១៩០ដុល្លារ ជូនដល់កម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារ ចំណែករាជរដ្ឋាភិបាល ជួយបន្ថែមចេញ២០ភាគរយទៀត តែបានតម្រូវឲ្យពួកគេ(កម្មករ កម្មការិនី) ទៅចុះឈ្មោះចូលរៀនជំនាញទន់ ជាមុនសិន ដើម្បីពួកគេទទួលបានប្រាក់សរុប ៦០ភាគរយ ដែលស្មើនឹងប្រមាណ១១៤ដុល្លារ នៃប្រាក់ខែគោល ១៩០ដុល្លារ។
ពាក់ព័ន្ធនឹងរឿងនេះ លោក អាត់ ធន់ យល់ថា វា ជាផលលំបាកសម្រាប់កម្មករ-កម្មការិនី ដែលត្រូវទៅចុះឈ្មោះចូលរៀនរយៈពេល៣ទៅ៤ខែ ដើម្បីទទួលបានប្រាក់បន្ថែម ២០ភាគរយ ពួកគេ ប្រហែលជាមិនអាចនឹងទៅចុះឈ្មោះចូលរៀនឡើយ។ ប៉ុន្តែ លោក ផ្តល់យោបល់ថា បើក្រសួង ជួយចេញថ្លៃធ្វើដំណើរនិងម្ហូរអាហារ ប្រហែលជាជួយសម្រាលការចំណាយដល់ពួកគេ ហើយពួកគេ អាចនឹងទៅចុះឈ្មោះចូលរៀនបាន។
ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យភាគីចិនប្រើយន្តហោះនិងកប៉ាល់ ដើម្បីដឹកវត្ថុធាតុដើមមកកម្ពុជាជាប្រញាប់ ដើម្បីទប់ទល់កុំឲ្យមានការបិទរោងចក្រ។ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រាប់សារព័ត៌មានថ្មីៗថា លោកពុំទាន់ទទួលបានព័ត៌មាននោះទេ ចំពោះការដឹកវត្ថុធាតុដើមមកពីចិន។
សារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារឡើយ នៅរសៀលថ្ងៃទី៣ មីនា នេះ។
នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការងារ បានបង្ហើបថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២០នេះ អាចនឹងមានរោងចក្រ សហគ្រាសជិត២០០ សុំព្យួរការងារ ហើយអាចនឹងប៉ះពាល់ដល់កម្មករ-កម្មការិនីដល់ទៅ ១៦ម៉ឺននាក់ឯណោះ
ដោយសារតែការរាលដាលខ្លាំងនៃវីរុសកូវីដ-១៩ ទើបរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបង្ខំបិទទ្វារនិងផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមទៅបណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជា ផងដែរ ហើយដើម្បីទប់ទល់នឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនយកពន្ធរយៈពេលកន្លះឆ្នាំ ឬអាចដល់មួយឆ្នាំ ពីរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំង ដោយសារការខ្វះវត្ថុធាតុដើម ដើម្បីជួយទ្រទ្រង់ដំណើរការរបស់រោងចក្រទាំងនោះ កុំឲ្យបិទទ្វារ៕