ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ គ្រោងចំណាយថវិកាប្រមាណ ៣០លានដុល្លារ រយៈពេល៦ខែ ក្នុងការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជាស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
ប្រភពដដែលបានឱ្យដឹងថា ក្រសួងសុខាភិបាលបានចាត់វិធានការ លើកពីការការពារការរីករាលដាលនៃវីរុស COVID-19 ព្រមទាំងគិតគូររកវិធានការជាប្រព័ន្ធដើម្បីទប់ស្កាត់បញ្ហានេះពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្ត វិធានការឆ្លើយតបបន្ទាន់ រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយនៅហ្នឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋដើម្បីដោះស្រាយ និងបង្ការបញ្ហាដែលអាចកើតមានជាយថាហេតុឱ្យបានទាន់ពេលវេលា ក្នុងស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និងបង្កើនធនធានបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈគ្រូពេទ្យ រៀបចំឧបករណ៍ស្កេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ជាដើម៕