រ៉ូម ៖ អ៊ីតាលីបានប្រែក្លាយទៅជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីចិន ខណៈដែលមនុស្សស្លាប់ដោយសារមេរោគឆ្លង COVID-19 កើនដល់១៤៨នាក់។ នេះបើតាមសារព័ត៌មាន CNA។
អាជ្ញាធរអ៊ីតាលីបានរាយការណ៍នៅថ្ងៃសុក្រនេះថា ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញអ្នកជំងឺ៤១នាក់បន្ថែមទៀតបានស្លាប់ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 កើនដល់១៤៨នាក់ ខណៈករណីឆ្លងថ្មីៗសរុប ៧៦៩ករណីទៀតក៏ត្រូវបានកត់ត្រាផងដែរ ដោយធ្វើឱ្យអ្នកឆ្លងនៅទូទាំងប្រទេសកើនដល់ ៣,៨៥៨ករណី។
ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលអ៊ីតាលីបានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់ នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែមីនា ដែលនេះមានន័យថា សិស្ស-និស្សិត ៨.៥លាននាក់ត្រូវនៅស្ថិតនៅក្នុងផ្ទះ និងមិនអាចទៅសាលារៀនរបស់ពួកគេ។ ទន្ទឹមនោះរដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ក៏បានបញ្ចេញ កញ្ចប់ថវិកា ៨.៤ពាន់លានដុល្លារផងដែរ ដើម្បីស្ដារខូចខាតដែលបង្កឡើងដោយ COVID-19។
ដោយឡែកការប្រកួតបាល់ទាត់ និងព្រឹត្តិការណ៍កីឡាដទៃទៀត នឹងត្រូវប្រព្រឹត្តដោយគ្មានអ្នកគាំទ្រ ក្នុងរយៈពេលមួយខែ ហើយភូមិចំនួន១១ មានប្រជាជន ៥០,០០០នាក់ ត្រូវស្ថិតនៅក្រោមការដាក់ឱ្យដាច់ដោយឡែកពីគេ សម្រាប់សប្ដាហ៍ទី២៕