ភ្នំពេញ ៖ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នាព្រឹក ថ្ងៃទី៦ ខែមីនា នេះ ដោយស្នើឲ្យគ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ ត្រូវបន្តបង្កើនឲ្យមានចំនួនស្ត្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដែលមានចំនួនជាង ៥០% នៃចំនួនប្រជាជនសរុប ដើម្បីឱ្យពួកគេ បានក្លាយជាធនធានប្រកបសក្តានុពលក្នុងការរួមចំណែកការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិនាពេលអនាគត។
ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីរបស់កម្ពុជា ត្រូវបាន វាយតម្លៃខ្ពស់ តាមរយៈការចាត់ចំណាត់ថ្នាក់របស់វេទិកា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាព ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ ដោយថយចុះ ពីចំណាត់ថ្នាក់លេខ១១២ នៅ ២០១៦ មកចំណាត់ថ្នាក់លេខ៨៩ នៅឆ្នាំ២០២០ ក្នុង ចំណោមប្រទេសចំនួន ១៥៣។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលបានបង្កើនថវិកា ជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ចំនួន ៥០០លានរៀល ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកសេវាយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវីសម្ដេចតេជោសែន ប្រចាំនៅរាជធានី ខេត្ត ទាំង២៥ សម្រាប់ជួយស្វែងរកសេវាយុត្តិធម៌ ជូនដល់ជនក្រីក្រស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោ បានថ្លែងថា នៅក្នុងវិស័យអប់រំ កម្ពុជាមានសមភាពយេនឌ័រ ក្នុងកម្រិត បឋមសិក្សា និងមធ្យមសិក្សា បឋមភូមិ ហើយគម្លាតយេនឌ័រនៅកម្រិត មធ្យមសិក្សាទុតិយភូមិ និងឧត្ដមសិក្សា ក៏ត្រូវបានកាត់បន្ថយជាបណ្តើៗដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសិស្សស្រីនៅកម្រិតមធ្យមសិក្សា ទុតិយភូមិ មានការកើនឡើងទាំងបរិមាណ និងគុណ ភាព។ លទ្ធផលនៃសិស្សស្រី ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សា ទុតិយភូមិមានចំនួន ក្នុងរង្វង់ ៥០%។
គួរជម្រាបដែរថា កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសដែល មានស្ត្រីចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់សុខភាពស្ត្រី ហើយ អត្រាស្រ្តីដែលបានចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេមានរហូតដល់ទៅ ៧៩% ម្ចាស់អាជីវកម្ម ៦៥% ៕