ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល ខណៈរហូតមកដល់ម៉ោងនេះ គ្មានពលរដ្ឋណាម្នាក់នៅក្នុងប្រទេសកម្ពុជា ផ្ទុកវីរុសកូវីដ១៩ឡើយ។
សេចក្ដីជូនដំណឹងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង ព្រោះផលិតផលស្បៀងរបស់កម្ពុជា លើសពីការបម្រុងទុក រហូតដល់នាំចេញទៅបរទេសទៀតផង។
ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសម្រុកទៅទិញទំនិញស្ដុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបម្រុងនៅក្នុងរាជធានីភ្នំពេញ ពុំបានប្រឈមនឹងការខ្វះខាតនោះទេ៕