ចិន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ទៅ​អ៊ីរ៉ាក​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2020 ក+ ក-

​ចិន ៖ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​មួយក្រុម​បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​បា​កដាដ​ប្រទេស​អ៊ីរ៉ាក់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ប្រទេស​ចិន ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ីរ៉ាក់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​លោក Tao Zhongquan ដែលជា​ប្រធាន​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​សមាគម​កាកបាទ​ក្រហម​ចិន​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួ​ថា​៖ ក្រុម​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ចំនួន ៧ នាក់ ដែល​មកពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិន​។ ហើយ​ក្នុងនោះដែរ ពួកយើង​រំពឹងថា នឹង​ស្នាក់នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​រយៈពេល​មួយខែ​ពេញ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដោះស្រាយ​បញ្ហា​នៃ​វីរុស​ឆ្លង​កូ​រ៉ូ​ណា​ដូចជា ការធ្វើ​តេស្ត ការព្យាបាល និង​ការតាមដាន​ករណី​ឆ្លង​ផ្សេងៗ​ទៀត​។

​ជាមួយគ្នា​នោះ​ដែល​លោក Jasim al-Falahi អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បានផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អ៊ីរ៉ាក់ ហើយ​ពួកយើង​ពិតជា​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ជួយ​ដល់​ពួកយើង​នៅ​គ្រាអាសន្ន​នេះ​។

​សូមជម្រាបថា បើ​គិត​រហូតមក​ដល់ពេលនេះ ប្រទេស​អ៊ីរ៉ាក់​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៥៤ នាក់ ហើយ​ក្នុងនោះ​មាន ៤ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​របស់​ប្រទេស​អ៊ីរ៉ាក់ ក៏បាន​ចាត់​វិធានការណ៍​ការពា​រ​ជាប្រចាំ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​វីរុស​ឆ្លង​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា​៕