សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារនេះការរកឃើញករណីឆ្លងថ្មីៗនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចំនួន១៣១នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនដល់៧,៥១៣ករណី ក្នុងនោះអ្នកជំងឺ៥៤នាក់។
មជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងថា ករណីឆ្លងថ្មីៗភាគច្រើននៅតែបន្តត្រូវ បានរកឃើញនៅក្នុងទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង ៩០ភាគរយនៅទូទាំងប្រទេស។ ប៉ុន្តែករណីឆ្លងថ្មីៗនៅព្រឹកថ្ងៃអង្គារនេះក៏អាចចាត់ទុកបានថា មានសភាពធូរស្រាល ផងដែរបើធៀបនឹង២សប្តាហ៍កន្លងទៅ។
បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនេះ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី (Shincheonji) នៅទីក្រុងដេគូ (Daegu) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលជាប្រភពនៃការចម្លងមេរោគ ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេស៕