សណ្ឋាគារបិទទ្វារនិងផ្អាកកាន់តែច្រើនសមាគមស្នើរដ្ឋាភិបាលជួយសម្រួលបន្ថែម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងពេលវិស័យទេសចរណ៍ កំពុងជួបវិបត្តិដោយសារ ការរាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធដល់អាជីវកម្មសណ្ឋាគាររយៈពេល៤ខែ ពីខែកុម្ភៈ ដល់ខែឧសភា ២០២០ សម្រាប់តែខេត្តសៀមរាបមួយប៉ុណ្ណោះ ។ ក៏ប៉ុន្តែអាជីវករក្នុងវិស័យសណ្ឋាគារបានស្នើដល់រដ្ឋាភិបាលគួរតែលើកលែងពន្ធ ដល់សណ្ឋាគារទូទាំងប្រទេស ។

លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា ក្នុងពេលដែលវិបត្តិនៃវិស័យទេសចរណ៍បែបនេះ ក្នុងនាមជាអាជីវករក្នុងវិស័យសណ្ឋាគារ និងជាប្រធានសមាគមសណ្ឋាគារ សូមស្នើសុំដល់រដ្ឋាភិបាលមេត្តាលើកលែងពន្ធ ដល់អាជីវកម្មសណ្ឋាគារទូទាំងប្រទេសផង ហើយនិងពន្យារដល់ខែតុលា ២០២០ ដើម្បីអោយម្ចាស់សណ្ឋាគារទាំងអស់ អាចមានលទ្ធភាព ក្នុងការបន្តអាជីវកម្មនិងត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវឡើងវិញ នៅរដូវភ្ញៀវខ្ពស់ ( High Season ) ពីខែវិច្ឆិកា ចុងឆ្នាំនេះ ។

លោកស្រីបន្តថាប៉ះពាល់នៃវិស័យសណ្ឋាគារនាពេលនេះ មិនមែនមានតែក្នុងខេត្តសៀមរាបមួយប៉ុណ្ណោះទេ ពោលគឺវាបានរងផលប៉ះពាល់ទូទាំងប្រទេស គ្រាន់តែនៅក្នុងខេត្តសៀមរាប មានសណ្ឋាគារច្រើនជាងគេ ដូច្នេះហើយ បើមើលពីទំហំនៃការផ្អាកនិងបិទ គឺសមាមាត្រប្រហាក់ប្រហែលនឹងគ្នាដែរ ។ លោកស្រីថា៖« សៀមរាបមានសណ្ឋាគារតូចធំរាប់រយសណ្ឋាគារ ដូច្នេះបរិមាណនៃការបិទក៏មានច្រើន ។ ដូចគ្នានេះដែរ ខេត្តផ្សេងទៀតមានសណ្ឋាគាររាប់សិបសណ្ឋាគារ ដូច្នេះបើបិទតែបួនដប់សណ្ឋាគារ គិតជាអត្រា ភាគរយគឺប្រហាក់ប្រហែលគ្នានោះទេ មិនលើសគ្នាប៉ុន្មាននោះទេ » ។

លោកស្រីបន្ថែមថា បច្ចុប្បន្ននេះ ផលប៉ះពាល់ទៅលើវិស័យសណ្ឋាគារ មិនថាតូចឬធំឡើយ សុទ្ធតែប៉ះពាល់ដូចគ្នាហើយមិនថា ក្នុងលំដាប់ផ្កាយប៉ុន្មាននោះទេ ។ ជាក់ស្ដែង សណ្ឋាគារធំៗមានបន្ទប់១០០ហើយបើបន្ទប់ទំនេរ ៧០គឺស្មើនឹង៧០ភាគរយ ដូចគ្នានេះដែរសណ្ឋាគារតូចៗឧទាហរណ៍ថាមានបន្ទប់ត្រឹម១០បើបាត់តែ៧ក៏មានន័យថា៧០ភាគរយដូចគ្នាដែរ ហើយផលប៉ះពាល់នេះដែរ វាមានគ្រប់ខេត្តទៅហើយ មិនថាសៀមរាប ព្រះសីហនុ ឬខេត្តនៅចុងកាត់មាត់ញកនោះឡើយ ពួកគាត់សុទ្ធតែបាត់បង់ចំណូល ក៏ប៉ុន្តែដោយសារតែបរិមាណសណ្ឋាគារនៅខេត្តផ្សេងមានតិចតួច ដូច្នេះហើយទើបមើលឃើញពីទំហំនៃការប៉ះពាល់ឃើញតូច ។

លោកតុប សុភ័ក រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថាដោយសារតែបញ្ហាកូវីដ១៩នៅខេត្តសៀមរាប ធ្វើអោយមានសណ្ឋាគារមួយចំនួន បានផ្អាកដំណើរការ និងមួយចំនួនបានបិទទ្វារ ។ យោងតាមរបាយការណ៍ដែលក្រសួងទេសចរណ៍ទទួលបាន មានសណ្ឋាគារចំនួន១០សណ្ឋាគារបានផ្អាកដំណើរការ និង១១បានបិទទ្វារ ហើយក៏មានអាជីវកម្មមួយចំនួនទៀតបានបិទនិងផ្អាកដំណើរការដែរ ក៏ប៉ុន្តែមិនមានរបាយការណ៍ជាក់លាក់ ។

លោកបន្តថា ក្នុងស្ថានភាពដ៏លំបាកនេះ ក្រសួងបានផ្សព្វផ្សាយទូលំទូលាយ ទាក់ទងទៅនឹងប្រតិបត្តិករទេសចរណ៍ដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋាន ដើម្បីរួមគ្នាជំរុញការងារនេះអោយទៅមុខបន្តទៀត ព្រោះថានេះជាផលប៉ះពាល់ធំមួយទូទាំងពិភពលោកមិនមែនមានតែកម្ពុជា។ ការរកឃើញករណីកូវីដ១៩នៅខេត្តសៀមរាប ក៏មិនមានជាករណីភ្ញាក់ផ្អើលឬលើកដំបូងសម្រាប់កម្ពុជាដែរ ជាក់ស្ដែងកាលពីកន្លងទៅ កម្ពុជាក៏បានរកឃើញករណីកូវីដ១៩នៅខេត្តព្រះសីហនុដែរទៅលើជនជាតិចិនម្នាក់ ហើយកម្ពុជាក៏បានព្យាបាលជានិងបញ្ជូនត្រលប់ទៅវិញផងដែរ ។

លោកបន្ថែមថា ពាក់ព័ន្ធនឹងការលើកលែងពន្ធដល់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប ដោយសារតែខេត្តនេះជាខេត្តគោលដៅទេសចរណ៍ និងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដូច្នេះហើយទើបរដ្ឋាភិបាលសម្រេចលើកលែងពន្ធសម្រាប់តែខេត្តសៀមរាប ។ ដោយឡែកនៅខេត្តផ្សេងទៀតមិនមែនថាមិនប៉ះពាល់ទេ ក៏ប៉ុន្តែ ជាក់ស្ដែងដូចជានៅខេត្តភូមិភាកឦសានក៏នៅតែមានភ្ញៀវទេសចរទៅកម្សាន្តជាហូរហែរមិនស្ងប់ស្ងាត់ដូចនៅសៀមរាបឡើយ ។

លោកថា៖« ក្រសួងទេសចរណ៍មិនបានព្រងើយកន្តើយចំពោះបញ្ហាដែលកើតឡើងចំពោះមុខនេះទេ ។ ក្រសួងបានត្រៀមរួចហើយក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរនានា នៅខេត្តសៀមរាប ក៏ប៉ុន្តែក្នុងកាលៈទេសៈនេះ មិនទាន់អាចធ្វើបានទេ ដោយរង់ចាំស្ថានភាពស្ងប់ស្ងាប់ទៅវិញបន្តិចសិន» ៕