រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ធ្វើតេស្តរកឃើញវីរុសកូរ៉ូណា
អង់គ្លេស ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោកស្រី Nadine Dorries បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា។ នេះបើយោងតាមសារព័ត៌មាន BBC។
ទោះជាយ៉ាងណា លោកស្រី Dorries ដែលជាសមាជិកសភាអង់គ្លេសដំបូងបង្អស់ធ្វើតេស្តវិជ្ជមាន និយាយថា លោកស្រីបានអនុវត្តតាមការប្រុងប្រយ័ត្នទាំងអស់ បន្ទាប់ពីបានរកឃើញវីរុសកូរ៉ូណា ហើយក៏ញែកខ្លួនចេញពីគេនៅផ្ទះ។
យ៉ាងណាមិញ លោកស្រី Dorries បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងាររដ្ឋាភិបាល Public Health England បានចាប់ផ្តើមស្វែងរកមនុស្សដែលធ្លាប់ទាក់ទងជាមួយលោកស្រីហើយ។ មិនតែប៉ុណ្ណោះ លោកស្រីកំពុងព្រួយបារម្ភម្តាយអាយុ៨៤ឆ្នាំរបស់ខ្លួន ដែលរស់នៅជាមួយគ្នា ហើយចាប់ផ្តើមមានអាការៈក្អក នៅថ្ងៃអង្គារនេះ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសកើតមានករណីឆ្លងវីរុសកូរ៉ូណាសរុប ៣៨២ករណីហើយ និងមានមនុស្សស្លាប់ចំនួន ៦នាក់ទៀតផង៕