វៀតណាម ៖ ប្រទេសវៀតណាមបានប្រកាសថា ចំនួនអ្នកជម្ងឺដែលបានឆ្លងវីរុសកូរ៉ូណាកំពុងតែកើនឡើង បន្ទាប់ពីការឆ្លងវីរុសនេះឡើងវិញតាមជើងហោះហើរពីចក្រភពអង់គ្លេស ។
ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍កាលពីថ្ងៃពុធថា ករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣៥ ករណីច្រើនជាងទ្វេដងនៃករណីពីដំបូងចំនួន ១៦ ករណី ។ ក្រសួងបាននិយាយថា អ្នកដំណើរចំនួន ១៣ នាក់ដែលបានធ្វើដំណើរតាមជើងហោះហើរ Vietnam Airlines ពីទីក្រុងឡុងដ៍ទៅទីក្រុងហាណូយកាលពីថ្ងៃទី ២ ខែមីនា ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានសម្រាប់វីរុសដែលភាគច្រើនជាជនជាតិអង់គ្លេស ឬវៀតណាមដែលបានធ្វើដំណើរទៅកាន់តំបន់ផ្សេងៗនៃទ្វីបអឺរ៉ុបរួមទាំងប្រទេសអ៊ីតាលីផងដែរ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងវីរុសកូរ៉ូណាចុងក្រោយបង្អស់របស់វៀតណាមគឺស្ត្រីជាអ្នកលក់ម្នាក់អាយុ ២៩ ឆ្នាំនៅភាគកណ្តាលខេត្ត Danang បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយភ្ញៀវទេសចរជនជាតិអង់គ្លេសដែលឆ្លងមេរោគចំនួនពីរនាក់ពីការហោះហើរកាលពីថ្ងៃទី ៤ ខែមីនា ។នៅប្រទេសវៀតណាមមិនមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានោះទេ ។
ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃទី ២៥ ខែកុម្ភៈថា ក្នុងចំណោមមនុស្សទាំង ១៦ នាក់ដែលបានឆ្លងវីរុសនៅពេលនេះត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានករណីថ្មីណាមួយត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី ១៣ ខែកុម្ភៈ ។ប្រទេសវៀតណាមកាលពីថ្ងៃចន្ទបានផ្អាកការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន ៨ នៅអឺរ៉ុបចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការរីករាលដាលនៃវីរុសកូរ៉ូណានេះ ។
រដ្ឋាភិបាលបាននិយាយនៅក្នុងការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ការផ្អាកនេះត្រូវបានអនុវត្តចំពោះពលរដ្ឋដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ៕