ចិន ៖ អ្នកជំងឺ COVID-19 ចំនួន១,៣១៨នាក់បន្ថែមទៀតបានជាសះស្បើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2020 ក+ ក-

ប៉េកាំង ៖ តាមរបាយការណ៍ថ្មីចុងក្រោយ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២០ នេះបានបង្ហាញថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៣១៨នាក់ បន្ថែមទៀតត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយ ខណៈចំនួនអ្នកឆ្លង និងស្លាប់ថ្មីៗធ្លាក់មកកម្រិតទាបបំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦២,៧៩៣នាក់ ហើយចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៩៣ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៦៩ នាក់បានស្លាប់។

សូមជម្រាបថា អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិន ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះរីករាលដាលជំងឺនេះ ហាក់ដូចជាមានការថមថយច្រើន នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ៕