បារាំង​ប្រកា​សបិទ​សាលា ​និង​ក្លិបកម្សាន្ត​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2020 ក+ ក-

បារាំង ៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ថា​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា​នេះ​គឺជា​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​នេះ​។ ​នេះបើយោងតាមប្រភពពី CGTN ។

ជាមួយគ្នា​នោះដែរ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​នេះ​លោក Macron ក៏បាន​ប្រកាស​បិទ​សាលារៀន​ និង​ក្លិប​កំសាន្ត​នៅក្នុង​ប្រទេស និង​ត្រៀម​ធ្វើការ​ជាមួយ​ដៃគូ​អឺរ៉ុប​លើ​កញ្ចប់​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ។ ទោះយ៉ាងណា​លោក Macron បាន​និយាយថា ​ការបោះឆ្នោត​ក្រុង​ដែល​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​នឹង​ដំណើរការ​ទៅមុខ​បន្ទាប់ពី​មានការ​ណែនាំ​ពី​អ្នកឯកទេស​សុខភាព​សាធារណៈ​។​

​យ៉ាងណាមិញ​បើ​យោងតាម​ក្រសួងសុខាភិបាល​បារាំង​បាន​និយាយថា ​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​បារាំង​បាន​កើនឡើង​ដល់​៦១​នាក់ ខណៈ​ករណី​ឆ្លង​វីរុស​នេះ​បាន​កើនឡើង​ដល់ ២.៨៧៦​នាក់​ក្នុងនោះ​មាន​មនុស្ស​ចំនួន១២៩ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​គំរាមកំហែង​ដល់​អាយុជីវិត​៕