ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងរៀបចំបន្ទប់ស្នាក់សម្រាប់អ្នកទេសចរណ៍ដែលស្នាក់នៅលើនាវាទេសចរណ៍មួយគ្រឿងដែលបានចុះចតនៅកំពង់ផែ ក្រុងកំពង់ចាម ឲ្យមកស្នាក់នៅតាមបន្ទប់ផ្សេងៗគ្នា រយៈពេល១៤ ថ្ងៃដើម្បីពិនិត្យនិងតាមដានសុខភាពរបស់ពួកគេ ដោយមិនតម្រូវឲ្យអ្នកទាំងអស់នោះចេញក្រៅពីបរិវេណសណ្ឋាគារនោះឡើយ។
គូសបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរណ៍ ៦០នាក់ មានម្នាក់ដែលបានរកឃើញថាមានផ្ទុះ Covid-19 ទៅលើស្ត្រីជនជាតិអង់គ្លេសម្នាក់មានវ័យ៦៥ ឆ្នាំ។ ក្រោយពីបានពិនិត្យឃើញថាស្រ្តីខាងលើបានផ្ទុកវីរុសCovid-19នោះ ក្រុមគ្រូពេទ្យយើង បានយកស្ត្រីវ័យ៦៥ ឆ្នាំដាក់ក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរ នៅពេទ្យខេត្តកំពង់ចាម។
ដោយឡែកភ្ញៀវទេសចរណ៍ចំនួន៥៩ នាក់ ផ្សេងទៀត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានចុះយកសំណាក ផ្ញើទៅវិទ្យាស្ថានជាតិ ប៉ាស្ទ័រ ដើម្បីពិនិត្យតាមដានរកវីរុសCovid-19 ។
ចំពោះស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ ដែលជាជនពិការផងនោះ មកដល់ពេលនេះគាត់មានសុខភាពល្អជាធម្មតា និងទទួលបានការថែទាំ និងព្យាបាលពីក្រុមគ្រូពេទ្យយើងយ៉ាងយកចិត្តទុកដាក់៕ ដោយ ៖ ប៉ែន សុផល