ស្ត្រី​ខ្មែរ​៣​នាក់​ទៀត​ដែល​ចាញ់បោក​មេខ្យល់​ត្រូវបាន​សង្គ្រោះ​ពី​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែកក្កដា នេះ ស្ត្រី​ខ្មែរ​៣​នាក់​ទៀត​ដែល​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ចិន នៅ​ប្រទេស​ចិន នឹងត្រូវ​អាជ្ញាធរ​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​ចិន ជួយសង្គ្រោះ និង​បញ្ជូនមក​កម្ពុជា​វិញ ។​

ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​៣​នាក់​ទៀតហើយ ដែលត្រូវ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិន​ជួយសង្គ្រោះ បន្ទាប់ពីពួកគេបាន​រង​ការចាញ់បោក​របស់​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ហ្វ៊ូ​ជាន ប្រទេស​ចិន ។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក ជុំ សុន្ទរី បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​១៦​កក្កដា នេះ​ឲ្យ​ដឹងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​នារី​ខ្មែរ​ទាំងបី​នាក់​នោះ មានឈ្មោះ ទី​១-​ពេជ្រ សំអាត មាន​ស្រុកកំណើត នៅ​ភូមិ​អូ​អន្លក់ ឃុំ​តា​សែន ស្រុក​គំ​រៀង ខេត្តបាត់ដំបង​។ ទី​២-​ឈ្មោះ រិ​ន កញ្ញា មាន​ស្រុកកំណើត នៅ​ភូមិ​ជ្រួញ​ស្នែងក្របី​លើ ឃុំ​កំពង់​គ ស្រុក ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ទី​៣-​ឈ្មោះ ខុម ខាន់ មាន​ស្រុកកំណើត នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​វិហារ​សួគ៌ ខេត្តកណ្ដាល ។​

លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា ស្ថាន​អគ្គ​កុងស៊ុល នឹង​បញ្ជូន​នារី​រងគ្រោះ​ទាំងបី​ខាងលើ​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ តាម​ជើងយន្តហោះ K6659 វេលា​ម៉ោង​០៣:០០​នាទី​រសៀល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​សៀមរាប​៕

jmncx