ហ្វីលីពីន ៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសផែនការនានាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបិទរដ្ឋធានីដែលមានប្រជាពលរដ្ឋ ១២លាននាក់ រួមទាំងផ្អាកការដំណើរចូលមកក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។
បើទោះជាប្រទេសនេះមិនទាន់មានការឆ្លងជំងឺនេះខ្ពស់ នៅក្នុងតំបន់សំខាន់ៗមួយចំនួនដូចជានៅប្រទេសចិន និងអ៊ីតាលីក្ដី ក្រុមមន្ត្រីសង្ឃឹមថានឹងទប់ស្កាត់បាន នូវការរីករាលដាលមុនពេលជំងឺនេះចូលទៅដល់តំបន់ មានប្រជាពលរដ្ឋច្រើនរបស់រដ្ឋធានីម៉ានីល។ អំឡុងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស លោក Duterte ក៏បានប្រកាសផងដែរពីការបិទសាលារៀនរយៈពេល ១ខែ បម្រាមការប្រមូលផ្ដុំទ្រង់ទ្រាយធំ និងការហាមឃាត់មិនឲ្យចូលក្នុងរដ្ឋធានីមួយនេះ សម្រាប់អ្នកដំណើរបរទេសពីកន្លែងនានា ជាទីដែលជំងឺនេះកំពុងរាលដាល។
គេមិនច្បាស់ទេថា តើនៅពេលណាទើបវិធានការទាំងអស់នោះ នឹងត្រូវចូលជាធរមាន ប៉ុន្តែលោក Duterte បាននិយាយថា ការហាមឃាត់ទៅលើការធ្វើដំណើរតាមសមុទ្រក្នុងប្រទេស ការធ្វើចរាចរណ៍តាមអាកាស និងលើដីគោកទាំងចេញ និងចូលពីរដ្ឋធានីម៉ានីល នឹងត្រូវចាប់ផ្ដើមនៅថ្ងៃអាទិត្យសប្ដាហ៍នេះ៕