អ៊ីតាលីជួបវិបត្តិខ្វះគ្រឿងបរិក្ខារពេទ្យ ខណៈចំនួនអ្នកស្លាប់កើនដល់១,៨០៩នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2020 ក+ ក-

រ៉ូម ៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបកើនដល់ ១,៨០៩នាក់ និងឆ្លងសរុប ២៤,៧៤៧នាក់ បន្ទាប់ពីពេញមួយថ្ងៃអាទិត្យម្សិលមិញអ្នកជំងឺ COVID-19 សរុប ៣៦៨នាក់បន្ថែមទៀតបានស្លាប់ ខណៈអាជ្ញាធប្រកាសថា គ្រែអ្នកជំងឺ និងគ្រឿងបរិក្ខារពេទ្យសំខាន់ៗផ្សេងទៀត កំពុងប្រឈមមុខភាពខ្វះខាតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ CNA។

ប្រទេសអ៊ីតាលីមានប្រជាជានរស់នៅជាង ៦០លាននាក់ គឺកំពុងស្ថិតនៅក្នុងការបិទទ្វារនៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្ស១,២១៨នាក់ ដែលភាគច្រើនជាមនុស្សចាស់ជរា។

អភិបាលទីក្រុង មីឡេន (Milan) ដែលស្ថិតនៅក្នុងតំបន់ខាងលើដែរ គឺលោក អាតធីលីយ៉ូ ហ្វុនថាណា (Attilio Fontana) បានលើកឡើងថា «ពេលនេះទីក្រុងហិរញ្ញវត្ថុរបស់អ៊ីតាលី កំពុងតែរងវិបត្តិធ្ងន់ធ្ងរឡើងៗហើយ។ យើងកំពុងឈានទៅរការខ្វះខាតគ្រែ និងឧបករណ៍ដកដង្ហើមសិប្បនិម្មិត សម្រាប់អ្នកជំងឺ ដែលយើងពិតជាមិនអាចទៅរកនៅទីណាបានទេ»។ បច្ចុប្បន្ននេះ ប្រទេសអ៊ីតាលីកំពុងតែរង់ចាំការនាំចូលគ្រឿងបរិក្ខាពេទ្យ យ៉ាងច្រើនពីបរទេស៕