ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៩.៨០៦ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ច អនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៩.៨០៦ករណី (កើនឡើងប្រមាណ២២.៥៤%) ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០.៤៩០នាក់ (កើនឡើងប្រមាណ២៤,៥៤%) ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៧៥០គីឡូក្រាម (កើនឡើងប្រមាណ៣៩,៩៦%)”។
នាយឧត្តមសេនីយ៍ បានបន្ដថា សមត្ថកិច្ច ក៏បានបង្កក និងរឹបអូសនូវអចលន និងចលនវត្ថុជាសម្ភារ និងថវិកាពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះ បង្ក្រាបបានករណីធំៗ ចំនួន៦១ករណី ដែលមានជនសង្ស័យចំនួន១៤០នាក់ ជនបរទេស៥៤នាក់ មេក្លោងចំនួន២៧នាក់ និងបណ្ដាញរបស់ពួកវា ១១៣នាក់។
លោកបន្ថែមថា ជាមួយគ្នានេះ តាមរយៈប្រតិបត្តិការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានទប់ស្កាត់ និងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្ដ និងទីតាំងសប្បាយដ្ឋានានា ទូទាំងប្រទេស នៅចុងឆ្នាំ២០១៩កន្លងទៅនេះ។
យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ សម្ភារចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿង ញៀន ដែលបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត រួមមាន រថយន្ដ៧២គ្រឿង, ម៉ូតូ២.៦៥៣ គ្រឿង, ទូរស័ព្ទ ៧.០៤១គ្រឿង, ជញ្ជីង ៣៩៨គ្រឿង, អាវុធវែង ១១ដើម, អាវុធខ្លី១១ដើម , ប្រាក់កម្ពុជា ៩៨.៦៨២.៤០០រៀល, ប្រាក់អាមេរិក ១២៨.៨២២ដុល្លារ, ប្រាក់ថៃ ៨១.៥៧០ បាត, ប្រាក់វៀតណាម ១៦.៥៧៨.០០០ដុង, ព្រមទាំងបង្កកផ្ទះល្វែង១កន្លែង និងផ្ទះដីឡូត៍១កន្លែង នៅខេត្តកំពង់ស្ពឺ៕