ព័័ត៌មានខ្លីៗ និងសំខាន់ៗ ប្រចាំថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2020 ក+ ក-

សិស្ស និងនិស្សិតគ្រប់កម្រិតនៅទូទាំងកម្ពុជា ត្រូវចូលវិស្សមកាលចាប់ពីពេលនេះរហូតដល់ជូនដំណឹងជាថ្មី      

ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់នៅទូទាំងកម្ពុជាឈប់សម្រាកមុនកាលកំណត់វិស្សមកាលចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។

ការសម្រេចបែបនេះ បានធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19 ។ជាមួយនេះ ក៏តម្រូវឲ្យប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សា ទៅកាន់្រទេសដែលផ្ទុះជំងឺ Covid-19 ក្នុងអំឡុងពេល១៤ថ្ងៃ មុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ប្រសិនបើមាននិស្សិតដែលធ្លាប់ចេញទៅក្រៅប្រទេស ហើយមានការសង្ស័យបញ្ហាសុខភាព អាចទាក់ទងទៅលេខ ១១៥ ដើម្បីពិនិត្យសុខភាព៕

ពលរដ្ឋកម្ពុជា ត្រូវផ្អាកដំណើរទៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ដើម្បីបង្ការការឆ្លងនៃកូវីដ-១៩

រាជរដ្ឋាភិបាលគម្ពុជា បានអំពាវនាវដល់ពលរដ្ឋកុំធ្វើដំណើរទៅបណ្តាប្រទេសនៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៤ចំណុចប្រាប់ពលរដ្ឋខ្មែរទាំងអស់មិនត្រូវធ្វើដំណើរទៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើពុំមានការចាំបាច់ដែលខានពុំបាន។ រដ្ឋាភិបាលក៏បានស្នើឱ្យមន្ត្រីរាជការ និងពលរដ្ឋកម្ពុជា ដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសទាំងនេះ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ ថ្ងៃដើម្បីតាមដានសុខភាព។

គិតត្រឹមម៉ោង៩យប់ថ្ងៃទី១៥ ខែមីនា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១២ករណី ដែលក្នុងនោះមានជនជាតិខ្មែរ៤នាក់ និងបរទេស៨នាក់៕

អេស្ប៉ាញស្ថិតក្នុងស្ថានភាពអាសន្ន ខណៈកូវីដ១៩ សម្លាប់១៩២នាក់

អេស្ប៉ាញ ៖ អេស្ប៉ាញដាក់ប្រជាពរដ្ឋរបស់ខ្លួន ៤៧លាននាក់នៅក្រោមការការរឹតត្បិតការធ្វើដំណើរមួយផ្នែកធំកាលពីថ្ងៃទី១៤ ខែមីនា ដែលជាផ្នែកនៃការប្រកាសភាពគ្រាអាសន្នរយៈពេល១៥ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ដោយត្រូវអនុវត្តជាបន្ទាន់ជនជាតិអេស្ប៉ាញទាំងអស់ត្រូវនៅក្នុងផ្ទះ លើកលែងតែការចេញទៅទិញអាហារ ឱសថ និងទៅធ្វើការ ឬទៅមន្ទីរពេទ្យ។ រង្គសាល ភោជនីយដ្ឋាន ហាងទំនិញ ដែលលក់ទំនិញក្រៅពីស្បៀង និងទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃត្រូវតែបិទ។រាល់ពិធីកម្សាន្តសប្បាយ និងសកម្មភាពកីឡា ក៏ត្រូវតែបិទ រួមមានរោងភាពយន្ត មហោស្រព កន្លែងហែលទឹក និងទីលានប្រកួតកីឡាបាល់។

គិតត្រឹមថ្ងៃអាទិត្យ អេស្ប៉ាញមានអ្នកស្លាប់ដោយវីរុសកូវីដ១៩ចំនួន១៩៣នាក់ និង៦.២៥០នាក់ឆ្លង៕

 អង់គ្លេស នឹងពិន័យ ឬដាក់ពន្ធនាគារអ្នកដែលមិនព្រមនៅដាច់ដោយឡែកករណីឆ្លង កូវីដ.១៩

អង់គ្លេស ៖ រដ្ឋបាលអង់គ្លេស ដាក់ប្បញ្ញត្តិថ្មីមួយ ដោយតម្រូវឲ្យប្រជាជនណាដែលបដិសេធនៅដាច់ដោយឡែកត្រូវប្រឈមជាប់ពន្ធនាគារ ឬរងការផាកពិន័យរហូតដល់ ១.០០០ ផោន (ជាង១.២០០ដុល្លារ)។

បទប្បញ្ញត្តិស្តីពីការការពារសុខភាព (វីរុសកូរ៉ូណា) ឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅលើវេបសាយរបស់រដ្ឋាភិបាល និយាយថា អ្នកដែលសង្ស័យឆ្លងវីរុសកូរ៉ូណា អាចត្រូវបានឃាត់ខ្លួនទុករហូតដល់ ១៤ ថ្ងៃនៅក្នុងមន្ទីរពេទ្យដែលមានសុវត្ថិភាព ឬទីតាំងសមរម្យផ្សេងទៀត។

បទប្បញ្ញត្តិនេះ ក៏តម្រូវឲ្យពួកគេក៏ត្រូវប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់ពួកគេ និងបញ្ជីឈ្មោះអ្នកដែលពួកគេបានជួបថ្មីៗផងដែរ៕

ច្រកអន្តរជាតិប៉ោយប៉ែត នឹងមិនអនុញ្ញាតឲ្យជនបរទេសមកពី ៦ប្រទេសចូលកម្ពុជា


ប៉ោយប៉ែត ៖ ចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តទៅ នឹងមិនអនុញ្ញាតឲ្យជនបរទេសមកពី ៥ប្រទេសចូលទឹកដីកម្ពុជា តាមច្រកទ្វារប៉ោយប៉ែត នេះឡើយ ចំណែកជនបរទេសដែលមកពីប្រទេសអ៊ីរ៉ង់ នឹងត្រូវអនុវត្តការហាមឃាត់នៅវេលារំលងអធ្រាត្រឈនចូលថ្ងៃទី១៩ ខែមីនា ឆ្នា២០២០។

លោក ឆោម ភ័ព្វ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ស្តីទី នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ដូច្នេះថា«នេះជាការអនុវត្តតាមការណែនាំរបស់សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាតជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី Covid-19 ៕

បុគ្គលដែលមានកូវីដ១៩ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុផ្ទះ តាមការណែនាំរបស់ជំនាញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ដាក់ចេញវិធានការណែនាំដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែករួមទាំងអនុវត្តវិធានមួយចំនួនដើម្បីធានាថា ពួកគេពិតជាបានចូលរួមទប់ស្កាត់មិនឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលទៅកាន់អ្នកដទៃ។

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ៕ 

 ក្រសួងប្រកាសឱ្យអ្នកជិះយន្តហោះលេខ PG933 មកពីថៃនៅថ្ងៃទី៩ មីនា​ មកពិនិត្យសុខភាព


ភ្នំពេញ ៖ រដ្ឋបាលក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ មីនានេះ បានអំពាវនាវឱ្យដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG 933 ត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) អ្នកដំណើរម្នាក់នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២ លើជើងហោះហើរលេខ PG 933 មកពី ទីក្រុងបាងកកប្រទេសថៃ បានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ ។ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ
នេះ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាល មានទូរស័ព្ទទៅលេខ១១៥ដើម្បីមន្ត្រីសុខភាពជួយពិនិត្យសុខភាព៕