ក្រុមការងារ​កម្ពុជា​-​វៀតណាម ចុះ​ពិនិត្យ​ព្រំដែន​ចំណុច​ដែល​ប៉ះទង្គិច​គ្នា​នៅ​ខេត្តស្វាយរៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

​ខេត្តស្វាយរៀង​៖ ក្រុមការងារ​ចម្រុះ​កម្ពុជា​-​វៀតណាម ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ឡុង វិ​សា​លោ និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក​ង្វៀន អា​ញ់ យុង បាន​ចុះទៅពិនិត្យ​តំបន់​ព្រំដែន ដែលមាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​វៀតណាម នៅក្នុង​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៨ ខែមិថុនា កន្លងមកនេះ ។​

​អ្នករាយការណ៍​ព័ត៌មាន​ខេត្តស្វាយរៀង​បាន​ដកស្រង់​សំដី​អនុប្រធាន​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​លោកស្រី កុយ ពិសី ថា​នៅ​ថ្ងៃទី ១៦​កក្កដា​នេះ គណប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក ឡុង វិ​សា​លោ និង​ពី​គណៈប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​នៃ​ក្រ សួង​ការបរទេស​វៀតណាម លោក ង្វៀន អា​ញ់ យុង បាន​ចុះទៅពិនិត្យ​ស៊ើបអង្កេត​ករណី​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ជិត​បង្គោល​ព្រំដែន​លេខ ២០៣ និង​២០៤ ស្ថិតនៅ​ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៨ ខែមិថុនា កន្លងមកនេះ ។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា ចំពោះ​លទ្ធផល​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ គឺ​រង់ចាំ​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​កម្ពុជា និង​វៀតណាម កំពុងធ្វើការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​សិន​ទើប​អាច​ប្រជុំ​វាយតម្លៃ ។​

​គួររំលឹកថា ក្នុង​ព្រឹត្តិការណ៍​ហិង្សា​ថ្ងៃទី​២៨​មិថុនា​នោះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន​១០​នាក់ និង​អ្នកតំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ រៀល ខេមរិន្ទ ផងដែរ បាន​រង​ការ​វាយ​យ៉ាងដំណំ ។​ចំណែក​ខាង​ប្រជាពលរដ្ឋ​វៀតណាម ក៏មាន​អ្នករងរបួស​ចំនួន ៨​នាក់​ដែរ ។​បន្ទាប់មក​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ កន្លងមកនេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈកម្មកា​រ​ស្រាវជ្រាវ​ហេតុការណ៍​ដែល​នាំ​ឲ្យ​កើតមាន​អំពើហិង្សា​នៅ​បង្គោល​ព្រំដែន​លេខ​២០៣ ស្ថិតនៅ​ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នេះដែរ ក៏ប៉ុន្តែ​មិនទាន់មាន​សេចក្តីរាយការណ៍​ជាក់លាក់​នៅឡើយ​ទេ ៕​ដោយ​៖​រដ្ឋា​

bjnmke

fcdxe