ម៉ាឡេស៊ីហាមពលរដ្ឋមិនឲ្យចេញក្រៅប្រទេស និងជនបរទេសមិនឲ្យចូលប្រទេសរយៈពេល២សប្តាហ៍ដើម្បីទប់ស្កាត់ COVID-១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2020 ក+ ក-

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទថា ប្រទេសម៉ាឡេស៊ីនឹងរារាំងពលរដ្ឋមិនឲ្យចេញទៅក្រៅប្រទេស និងជនបរទេសមិនឲ្យ ចូលក្នុងប្រទេសរយៈពេល២សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

លោក Muhyiddin Yassin ធ្វើការប្រកាសខាងលើ នាឱកាសថ្លែងទៅកាន់ប្រជាជាតិម៉ាឡេស៊ី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក Muhyiddin បានបញ្ជាក់ដូច្នេះថា ៖ « បទបញ្ញត្តិទាំងនេះគឺជាផ្នែកមួយនៃការរឹតត្បិតការធ្វើដំណើរ ដែលអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុង គោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ពលរដ្ឋម៉ាឡេស៊ីនៅក្នុងស្រុកទាំងអស់ ត្រូវបានហាមឃាត់ ធ្វើដំណើរចេញក្រៅប្រទេស ហើយអ្នកពលរដ្ឋដែលត្រឡប់មកពីបរទេសនឹងត្រូវអនុវត្តវិធានការនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ខណៈជនបរទេស ក្នុងនោះរួមមានទាំងភ្ញៀវទេសចរ ក៏នឹងត្រូវមិនបានអនុញ្ញាតឱ្យចូលក្នុងប្រទេសម៉ាឡេស៊ីដែរ ក្នុងកំឡុងពេលនេះ។ ចំណែកឯ ពិធីជួបជុំនៅតាមទីសាធារណៈ សកម្មភាពនានានៅក្នុងប្រទេសទាំងមូល មានដូចជាព្រឹត្តិការណ៍សាសនា ជំនួបកីឡា សកម្មភាពវប្បធម៌ និងសង្គម នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នាថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ១២៥នាក់ទៀត ក្នុងនោះមាន ៩៥ករណីមានជាប់ទាក់ទងជាមួយនឹង ពិធីជួបជុំលក្ខណៈសាសនា ដែលបានប្រព្រឹត្តទៅនៅព្រះវិហារអ៉ីស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ ស្រ៊ី ផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។ បើធ្វើការបូកបន្ថែមនឹងករណីថ្មីនេះ តួលេខសរុបនៃអ្នកឆ្លង COVID-19 នៅម៉ាឡេស៊ីបានកើនដល់ ៥៥៣ករណី ក្នុងនោះអ្នកជំងឺជាង ៤០នាក់បានជាសះស្បើយ៕