បារាំងប្រកាសបិទប្រទេសទាំងស្រុង ដើម្បីទប់ទល់ការរាតត្បាតជំងឺ COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2020 ក+ ក-

ប៉ារីស ៖ រដ្ឋាភិបាលបារាំង បានសម្រេចបិទប្រទេសទាំងស្រុងលែងឱ្យប្រជាជនចេញពីផ្ទះ លើកលែងតែករណីចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរីករាតត្បាតនៃជំងឺផ្លូវដង្ហើមថ្មី COVID-19 ខណៈដែលប្រទេសអឺរ៉ុបក៏កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាតត្បាតនៃជំងឺមួយនេះ។ នេះបើយោងតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។

លោកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅយប់ថ្ងៃចន្ទ ទី១៦ ខែមីនា បានចេញមុខថ្លែងសារដោយផ្ទាល់ទៅកាន់ប្រជាជនបារាំងសាជាថ្មីម្តងទៀត ជុំវិញវិធានការថ្មី ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩។ លោកប្រធានាធិបតីបារាំងបានប្រកាសឲ្យប្រជាជនទាំងអស់នៅទូទាំងប្រទេសបារាំងស្ថិតនៅតែក្នុងផ្ទះ ដោយហាមមិនឲ្យធ្វើដំណើរចេញក្រៅផ្ទះ លើកលែងតែក្នុងករណីចាំបាច់បំផុត។ លោកក៏បានលើកឡើងផងដែរ ម្តងហើយម្តងទៀតថា បារាំងនៅពេលនេះ “កំពុងស្ថិតក្នុង «ស្ថានភាពសង្រ្គាម» គឺសង្រ្គាមទល់នឹងមេរោគកូរ៉ូណាថ្មី។

យោងតាមរបាយការណ៍បានបញ្ជាក់ថា ប្រទេសបារាំង មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៥,៤៣៧នាក់ ហើយមនុស្ស១២៧នាក់ហើយ បានស្លាប់បាត់បង់ជីវិត៕