ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ច្បាស់ ហើយថា ក្រសួងសុខាភិបាលមិនមានតម្រូវឱ្យយកលុយពីអ្នកដែល ត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទេ ទោះជារកឃើញថា មានផ្ទុក ឬមិនមានផ្ទុកមេរោគ ដែលកំពុងតែឆ្លងរាលដាលនេះក៏ដោយចុះ។
ការថ្លែងរបស់អ្នកនាំពាក្យរូបនោះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ នៅទីស្តីការគណរដ្ឋមន្ត្រី ។ លោកស្រីបញ្ជាក់ថា រាល់ការចំណាយលើការធ្វើតេស្តស្វែងរក មេរោគកូវីដ១៩ទាំងអស់គឺរដ្ឋជាអ្នកចំណាយទាំងអស់ ។ លោកស្រីក៏បានច្រានចោលផងដែរចំពោះ ការផ្សព្វផ្សាយដែលថា អ្នកដែលធ្វើតេស្តរកមិនឃើញមេរោគកូវីដ១៩ តម្រូវឱ្យបង់លុយ។
លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងឲ្យដឹងដែរថា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ។ លោកស្រីបញ្ជាក់ថា ជាមធ្យមក្នុងមួយគ្រួសារមានសមាជិក៣នាក់ ដូច្នេះយើងអាចគុណ នឹងចំនួនអ្នកឆ្លងចំនួន៣៥នាក់។ ប៉ុន្ដែក្រសួងបាននិងកំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងបន្ដទៅទៀតដោយគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ មិនទាន់មានការចម្លងណាមួយចូលទៅសហគមន៍នោះទេ៕