COVID-19 ៖ បារាំងអ្នកស្លាប់សរុប២៦៤នាក់ និងឆ្លង៩,១៣៤ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2020 ក+ ក-

ប៉ារីស ៖ បារាំងបាននិងកំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតជំងឺសកល COVID-19 ខណៈពេញមួយថ្ងៃពុធម្សិលមិញនេះ អ្នកជំងឺរហូតដល់៨៩នាក់បន្ថែមទៀតបានស្លាប់ និងអ្នកឆ្លងថ្មីៗមានចំនួន ១,៤០៤នាក់។ នេះបើតាមការសារព័ត៌មាន CNA។

ក្រសួងសុខាភិបាលបារាំងបានលើកឡើង នៅយប់ថ្ងៃពុធសប្តាហ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារតែ COVID-19 នៅក្នុងប្រទេស ដែលមានភាពជឿនលឿនខាងផ្នែកវេជ្ជសាស្ត្រមួយនេះ បានហក់ឡើងដល់ ២៦៤នាក់ ក្នុងចំណោមករណីឆ្លងសរុប ៩,១៣៤ករណី (កើនឡើង១៨%ក្នុងពេលតែមួយថ្ងៃ)។ បារាំងក៏បានអះអាងផងដែរថា អ្នកជំងឺ ៩៣១នាក់ទៀតកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។

ប្រទេសបារាំងកំពុងស្ថិតនៅក្នុងការបិទទ្វារ សម្រាប់រយៈពេលច្រើនថ្ងៃ ដោយសកម្មភាពនានានៅក្រៅលំនៅឋានត្រូវបាន ណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19។

សូមជម្រាបថា ប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេដោយសារតែ COVID-19 នៅអឺរ៉ុបមានដូចជា អ៊ីតាលី (មនុស្សស្លាប់ជិត ៣,០០០នាក់, ឆ្លង៣៥,៧១៣ករណី), អេស្ប៉ាញ (ស្លាប់ជិត៦០០នាក់, ឆ្លង១៣,៧១៦ករណី), បារាំង (ស្លាប់២៦៤នាក់, ឆ្លង៩,១៣៤ករណី), អាល្លឺម៉ង់ (ស្លាប់១២នាក់, ឆ្លង៨,១៩៨ករណី) និងអង់គ្លេស (ស្លាប់១០៤នាក់)៕