អ៊ីតាលី ៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ (១៩ មីនា) ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឬវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងច្រើនជាងប្រទេសចិន ហើយបានត្រៀមខ្លួនបន្តពង្រីកការបិទប្រទេសកាន់តែយូរជាងមុនទៀតផង។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។
ចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលី បានកើនដល់ ៣ ៤០៥នាក់ បន្ទាប់ពីវាបានកត់ត្រាថា មានអ្នកស្លាប់ថ្មីចំនួន ៤២៧នាក់ កាលពីថ្ងៃពុធ (១៨ មីនា)។ គួរឲ្យដឹងថា ប្រទេសចិនបានរាយការណ៍ជាផ្លូវការនូវចំនួនស្លាប់ដោយសារជំងឺកូវីដ១៩ សរុប ៣ ២៤៥នាក់ ចាប់តាំងករណីដំបូងបានកើតឡើងកាលពីចុងឆ្នាំមុន។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៤១ ០៣៥នាក់ហើយ។
គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២២០,៩៩៥ករណី ដែលក្នុងនោះប្រមាណ៩០,០០០នាក់ស្លាប់ និង ៨៥,៧៨២នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕