វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC បានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនយ៉ាងគំហុករហូតដល់ ១១,២៧៤ករណីហើយ ក្នុងនោះអ្នកជំងឺ១៥៧នាក់បានស្លាប់។ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
បើតាម CSSE ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបទាំង ១១,២៧៤ករណី មាន ៩១០ករណីស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (អ្នកជំងឺ ១៩នាក់ស្លាប់)។ ចំណែកឯរដ្ឋញូយ៉កវិញមានអ្នកឆ្លង ៥,២៩៨ករណី ខណៈរដ្ឋវ៉ាស៊ីនតោន មាន១,៣៧៦ករណី។ CSSE បន្ថែមទៀតថា ចំនួនអ្នកស្លាប់នៅទូទាំង សហរដ្ឋអាមេរិកក៏បានកើនដល់ ១៥៧នាក់ផងដែរ ក្នុងនោះមាន ៦៨នាក់ នៅរដ្ឋវ៉ាស៊ីនតោន, ២១នាក់នៅរដ្ឋញូយ៉ក ហើយដោយឡែកអ្នកជំងឺ ១០៨នាក់បានជាសះស្បើយ។
បច្ចុប្បន្នរដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ហើយគ្រាន់តែពេញមួយថ្ងៃពុធ (ម៉ោងនៅវ៉ាស៊ីនតោន) ចំនួនអ្នកឆ្លងបាន កើនដល់ជិត ២,០០០ករណីឯណោះ។
ដោយឡែក រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបង្គាប់ឱ្យប្រជាជនទាំងអស់៤០លាននាក់រស់នៅ ស្ថិតនៅក្នុងផ្ទះមួយរយៈ ជាផ្នែកមួយនៃយុទ្ធនាការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។
ការប្រកាសពីវិធានការខាងលើ ធ្វើឡើងខណៈរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 បន្ទាប់ពីរដ្ឋវ៉ាស៊ីនតោន និងរដ្ឋញូយ៉ក៕