ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះថា ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥១នាក់ ក្នុងនោះ បុរស៤៧នាក់ និងស្រ្តី៤នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រកឃើញករណីទី 1 លើបុរសជនជាតិម៉ាឡេស៊ី ម្នាក់ អាយុ 35 ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុក កងមាស ខេត្តកំពង់ចាម និងធ្វើការងារជាអ្នកផ្សព្វផ្សាយសាសនា នៅតាមបណ្ដាខេត្តក្នុង ប្រទេសកម្ពុជា។
ករណីទី 2 រកឃើញលើបុរសខ្មែរអាយុ 33 ឆ្នាំម្នាក់ រស់នៅក្នុងសង្កាត់ច្រាំងចំរេះ 2 ។ បុរសរូបនេះមិនបានទៅប្រទេសម៉ាឡេស៊ីទេ តែគាត់ឆ្លងវីរុស ដោយសារមានទំនាក់ទំនង ផ្ទាល់ជាមួយអ្នកមានមេរោគ កូវីដ១៩។ ករណីទី 3 រកឃើញលើបុរសខ្មែរអាយុ 48ឆ្នាំម្នាក់ រស់នៅក្រុងបាត់ដំបង និងមួយករណីទៀត នៅលើបុរសខ្មែរវ័យ 38 ឆ្នាំម្នាក់រស់នៅក្នុង ស្រុក មោងឬស្សី ដែលសរុបករណីវិជ្ជមាននៃវីរុស កូវីដ19 នៅទូទាំងប្រទេសកម្ពុជា កើន ដល់ ៥១នាក់ គិតត្រឹមម៉ោង 21 : ០០ ថ្ងៃទី 20 ខែមីនា ឆ្នាំ 2020។
ក្រសួងសុខាភិបាល ក៏បានជូនដំណឹងដល់សាធារណជនផងដែរ អំពីការវិវឌ្ឍន៍នៃសុខ ភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង ដែលក្នុងនោះ មានសារអប់រំសុខភាព ជាច្រើន ដែលអាចទាញយកមកប្រើប្រាស់បាន ឬបើមានករណីចាំបាច់សូមទាក់ទង តាម រយ:ទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ115 ដោយឥតគិតថ្លៃ៕