កំពង់ចាម ៖ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគកូវិដ១៩ ចំនួន៧នាក់ដែលជាជនជាតិម៉ាឡេស៊ី បានមកធ្វើការងារសាសនា នៅស្រុកកងមាស ជាបន្តបន្ទាប់រួចមក ដើម្បីចូលរួមអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ និងជាកិច្ចការ ការពារដល់សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋផងនោះ នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម រួមដំណេីរជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមយុវជន ស.ស.យ.ក ចុះបាញ់ថ្នាំសម្លាប់មេរោគនៅវិហារឥស្លាម ដែលជនជាតិម៉ាឡេស៊ី ទាំងនោះចូលរួមថ្វាយបង្គំព្រះ និងទីតាំងស្នាក់នៅបណ្តោះអាសន្នផងដែរ។
លោក ភោគ សាវុធ អភិបាលស្រុកក០ងមាស បានឲ្យដឹងថា ក្នុងការអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ដែលមានការចុះបាញ់ថ្នាំសម្លាប់មេរោគផងនេះ មិនមែនជាការរើសអើងអ្វីឡើយ តែជាការយកចិត្តទុកដាក់ដល់សហគមន៍របស់យើងទាំងមូលដែលជាខ្មែរតែមួយ។ ដូច្នេះក្រុមការងារបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅវិហារឥស្លាម-សារ៉ាវ ចំនួន៤កន្លែង និងផ្ទះគោលដៅ១ខ្នង ស្ថិតក្នុងឃុំរកាគយ និងឃុំអង្គរបាន នៃស្រុកកងមាស។ ព្រមទាំងបានពន្យល់បងប្អូនខ្មែរឥស្លាម អំពីការថែទាំសុខភាព ការញុះញង់អំពីការរើសអើង ការការពារមេរោគ Covid-19 ថែមទាំងបានកំណត់ឲ្យចាក់សារផ្សព្វផ្សាយអយអំពីមេរោគ Covid-19 តាមវិហារនីមួយៗតាមមេក្រូដែលមានស្រាប់។
ជាមួយគ្នានោះ ក្រុមគ្រូពេទ្យជំនាញ ក៏បានចុះទៅប្រមូលសំណាកមនុស្សចំនួន៤០នាក់ ដែលមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយជនជាតិម៉ាឡេស៉ីទាំង៧នាក់ ដែលមានផ្ទុកមេរោគ Covid-19 នៅស្រុកកងមាស ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ផងដែរ ៕ ដោយ ÷ ប៉ែន សុផល