អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2020 ក+ ក-

 

ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ( ១៤ថ្ងៃ ) អាជ្ញាធរប្រទេសថៃ នឹងបិទជាបណ្ដោះអាសន្ននូវច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ និងខេត្តផ្សេងទៀតជាប់ក ម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩។

អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជូនដំណឹងទាក់ទងនឹងរឿងនេះថា ច្រកដែលត្រូវថៃបិទរួមមាន ÷*ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង។ ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង។ ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។

ចំណែកច្រកចំនួន៥ទៀតដែលអាជ្ញាធរថៃ បានបិទរួចហើយ រួមមាន ÷
ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ។ ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ។ ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងទី៥ ៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង៕