បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលទៅប្រកបរបររកស៊ី និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានសម្រុកត្រលប់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ។
ការសម្រុកចេញពីប្រទេសថៃ មកកម្ពុជានេះ ក្រោយប្រទេសថៃប្រកាសបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលកំពុងចេញពីប្រទេសថៃមកកម្ពុជាវិញនាពេលនេះ ភាគច្រើនជាអាជីវករខ្មែរដែលទៅប្រកបរបររកស៊ីក្នងផ្សារថៃ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរដែលធ្វើការងារនៅថៃ ហើយការវិលត្រឡប់នេះ ទំនងជាពួកគាត់ដឹងថា ប្រទេសថៃនឹងធ្វើការបិទច្រកព្រំដែនមួយរយៈ ទើបពួកគាត់ប្រញាប់ត្រឡប់មកវិញ ។
លោក កែវសុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ចំនួនពលរដ្ឋខ្មែរដែលវិលត្រឡប់ ពីប្រទេសមកកម្ពុជាវិញនាពេលនេះ នៅមិនទាន់បង្កផលវិបាកអ្វី សម្រាប់ក្រុមការងារសុខាភិបាល ប្រចាំនៅមាត់ច្រកទ្វារអន្តរជាត់ប៉ោយប៉ែត នោះឡើយទេ ហើយក្រុមការងារបាននិងកំពុងធ្វើការពិនិត្យ បាញ់កំដៅ និងតាមដានសុខភាពពួកគាត់តាមធម្មតា ហើយក៏មិនទាន់ឃើញមានពលរដ្ឋណាម្នាក់មានបញ្ហអ្វីនោះទេ ។
លោកបន្តថា ក្នុងនាមប្រធានមន្ទីរសុខាភិបាលម្នាក់ សុំអំពាវនាវដល់មន្ត្រីសុខាភិបាលតាមមូលដ្ឋានទាំងអស់ នៅពេលពួកគាត់វិលត្រឡប់ដល់មូលដ្ឋាន សូមឲ្យពួកគាត់បំពេញទំរង់ឯកសារ និងសុំឲ្យពួកគាត់នៅដាច់ដោយឡែកកុំច្របូកច្របល់ជាមួយក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ និងតាមដានសុខភាពគាត់ ជៀសវាង ក្នុងករណីគាត់មានផ្ទុកវីរុស Covid-19 នឹងអាចឆ្លងក្នុងសហគមន៍ នោះវានឹងធ្វើឲ្យយើងលំបាកខ្លាំង ព្រោះបច្ចុប្បន្ននេះកម្ពុជាយើងនៅមិនទាន់មានជំងឺនេះឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ដូច្នេះហើយទើបយើងមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាមិនឲ្យមាន Covid-19 ឆ្លងពីសហគមន៍មួយទៅសហគមន៍មួយ ក្នុងប្រទេសកម្ពុជាយើង ។គួរបញ្ចាក់ថា ជាមួយនឹងការបិទច្រកនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលកិច្ចប្រជុំទ្វេរភាគីកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយបានសម្រេច ៖ ១-ភាគីថៃ ស្នើរសុំបិទច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺ និងបឹងត្រកួន-តាប្រ៉ាយ៉ា រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ។ ២-ភាគីថៃ ស្នើរសុំបិទច្រកអន្តរជាតិប៉ោយប៉ែត រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ ។ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ។ ៣-ករណីការបញ្ជូនអ្នកជំងឺធ្ងន់ ភាគីទាំង២ អនុវត្តតាមអនុស្សរណៈយោគយល់គ្នាជាធរមាន ៕