អេស៉្បាញ ៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez កាលពីថ្ងៃអាទិត្យម្សិលមិញបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃបន្ថែមទៀតដោយសារតែ ចំនួនអ្នកឆ្លងនិងស្លាប់ដោយសារ COVID-19 ក្នុង ប្រទេសអេស៉្បាញ នៅតែបន្តកើនឡើងខ្ពស់។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
លោក Pedro Sanchez បានប្រកាសបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើង បន្ទាប់លោកបានបើកកិច្ចប្រជុំតាមវីដេអូអនឡាញ ជាមួយបណ្តាមេដឹកនាំនៃតំបន់ស្វយ័តទាំង១៧នៃប្រទេសអេស៉្បាញ។ អេស៉្បាញបានប្រកាសពី ដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១៥ថ្ងៃ កាលពីថ្ងៃទី១៤ ខែមីនា ដែលនឹងត្រូវបញ្ចប់នៅចុងខែមីនានេះ ក៏ប៉ុន្តែតាមរយៈការសម្រេចចិត្តថ្មីខាងលើ វានឹងត្រូវអូសបន្លាយដល់ថ្ងៃទី១១ ឬទី១២ ខែមេសា។
បើតាមលោកនាយករដ្ឋមន្រ្តីអេស៉្បាញ នៅក្រោមការដាក់ប្រទេសក្នុងភាពអាសន្ននេះ មនុស្សភាគច្រើនត្រូវបានហាមមិនឲ្យចេញពីផ្ទះឡើយ លើកលែងតែករណីចាំបាច់បំផុត ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកឆ្លង COVID-19 នៅអេស៉្បាញបានកើនដល់២៨,៥៧២នាក់ និងស្លាប់យ៉ាងតិច១,៧២០នាក់ ដែលធ្វើឲ្យអេស៉្បាញក្លាយជាប្រទេសរងគ្រោះធ្ងន់ជាងគេទីពីរនៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលី៕