តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ រាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់បានកើនឡើងដល់១,៦៨៥នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប២១,៦៣៨ករណី ខណៈអ្នកជំងឺ៧,៩១៣នាក់ក៏បានជាសះស្បើយរួចទៅហើយដែរ។
អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងលក់ទំនិញ និងសូម្បីតែឱសថស្ថាន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឲ្យកាន់តែខ្លាំងក្លា។
ជាមួយនឹងតួលេខថ្មីខាងលើនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្រេចប្រើប្រាស់ ផ្សារទំនើបធំមួយនៅកណ្តាលរដ្ឋធានីតេហេរ៉ង់ ធ្វើជាកន្លែងទទួលព្យាបាលអ្នកជំងឺឆ្លង COVID-19 ដែលអាចមានសមត្ថភាពផ្ទុកមនុស្ស ៣,០០០នាក់។ បន្ថែមពីនេះទៀត មន្ទីរពេទ្យយោធាអ៊ីរ៉ង់ ៥២ទីតាំងទូទាំងប្រទេស ក៏បានចាប់ផ្តើមទទួលលអ្នកជំងឺ COVID-19 ជាបណ្តើរៗរួចទៅហើយដែរ៕